ពីរដ្ឋធានីវ៉ាស៊ីនតោនអ្នកយកព័ត៌មានកាសែតកងទ័ពប្រជាជនវៀតណាមសូមចេញផ្សាយនូវសេរីអត្ថបទលើកឡើងពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម និងសហរដ្ឋអាមេរិកដើម្បី សម្របសម្រួលគ្នាជម្នះលើផលវិបាកធ្ងន់ធ្ងរដែលបន្សល់ទុកពីសង្គ្រាម។

leftcenterrightdel
នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសចូលរួមពិធីសម្ពោធមជ្ឈមណ្ឌលប្រតិបត្តិការបូមមីនវៀតណាម

 

សង្គ្រាមបានឆ្លងកាត់ តែការឈឺចាប់នៅបន្សល់ទុក

សង្រ្គាមផ្ទួនៗដ៏រ៉ាំរៃពីអតីតកាលបានបន្សល់ទុកនៅលើទឹកដីវៀតណាមនូវការឈឺចាប់ សោកនាដក្មដ៏រន្ធត់  និងការបំពុលបរិយាកាសដោយគ្រាប់មីន ជាតិឌីអុកស៊ីនធ្វើឱ្យវៀតណាមក្លាយទៅជាប្រទេសមួយដែលទទួលរងផលវិបាកនៃសង្គ្រាមយ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។

យោងទៅតាមការវាយតំលៃពីគណៈកម្មាធិការដឹកនាំ ៧០១ ត្រឹមតែតាមការប៉ាន់ប្រមាណក្នុងរយៈពេលពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៥  វៀតណាមបានទទួលរងនូវគ្រាប់បែកនិងគ្រាប់កាំភ្លើងជាង១៦  លានតោនគ្រប់ប្រភេទដែលច្រើនលើស ៤ ដងនឹងចំនួនគ្រាប់បែកដែលប្រើក្នុងសង្គ្រាមសកលលោកលើកទី១។ រីឯយោងតាមលទ្ធផលនៃការស៊ើបអង្កេតដែលផ្សាយដោយមជ្ឈមណ្ឌលប្រតិបត្តិការកំចាត់បូមមីនវៀតណាម (VNMAC) នៅថ្ងៃទី០៣ មេសា ឆ្នាំ២០១៨  ចំនួនគ្រាប់បែកដែលបន្សល់ទុកក្រោយសង្គ្រាមនៅវៀតណាមមានចំនួនរាប់រយពាន់តោន។

បរិមាណសំណល់មីន និងជាតិផ្ទុះ  បច្ចុប្បន្នមានរាយប៉ាយតាមបណ្តាខេត្ត និងក្រុងនៅទូទាំងប្រទេស។ នៅក្រុង ខេត្តទាំង៦៣ របស់វៀតណាមនៅមានឃុំចំនួន៩,១១៦  ដែលរងការបំពុលដោយបូមមីនជាតិផ្ទុះក្នុងគ្រប់កម្រិតផ្សេងៗគ្នាដោយស្រូបយក ៨១.៨៧% នៃចំនួនឃុំសរុបនៅទូទាំងប្រទេស។ គិតដល់ត្រឹមខែធ្នូ ឆ្នាំ២០១៧ បរិមាណដីសរុបដែលនៅរងការបំពុល ដោយបូមមីនជាតិផ្ទុះមានជាង ៦.១លានហិកតា ស្មើនឹង ១៨.៧១% នៃផ្ទៃដីទាំងមូលនៃវៀតណាម។ ក្នុងបណ្តាតំបន់ដែលរងផលវិបាកនៃការបំពុលបូមមីនជាតិផ្ទុះយ៉ាងធ្ងន់ធ្ងរបំផុតគឺប្រមូលផ្តុំនៅតាមបណ្តាខេត្តនៅភាគកណ្តាល តំបន់ខ្ពង់រាប និងខេត្ត Quang Tri ដែលមានភាគរយដៃនៅមានសំណល់បូមមីនជាតិផ្ទុះច្រើនបំផុត។

រីឯជនរងគ្រោះដោយសំណល់បូមមីនជាតិផ្ទុះ យោងតាមទិន្នន័យនៃសមាគមជួយជ្រោមជ្រែងជំនះផលវិបាកនៃបូមមីនវៀតណាមបង្ហាញឲ្យឃើញថា គិតត្រឹមចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ២០០២  ចំនួននាក់ដែលរងផលប៉ះពាល់ដោយគ្រាប់បូមមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគឺ ១០៥,២៩៨ នាក់ក្នុងនោះ ៤២,១៣៥នាក់បានស្លាប់ (ក្នុងចំណោមនោះ មាន៣០% ជាកុមារ) រងរបួសចំនួន៦២,១៦៣នាក់។ ខេត្តនិងទីក្រុងចំនួន៤៩ មានគ្រោះថ្នាក់បណ្តាលមកពីបូមមីនជាតិផ្ទុះ។ ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំនួនមនុស្សស្លាប់និងរងរបួសដែលបណ្តាលមកពីគ្រោះថ្នាក់បូមមីនជាតិផ្ទុះគឺ១,៨០០ករណី។ សង្រ្គាមបានកន្លងផុតទៅរាប់សិបឆ្នាំហើយក្តី ប៉ុន្តែស្នាមរបួសនៅបន្សល់ទុកចំពោះប្រជាជន និងជីវភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមគឺនៅតែធ្ងន់ធ្ងរ។

ប្រមូលគ្រប់ប្រភពធនធានទាំងអស់ដើម្បីកាត់បន្ថយផលវិបាកនៃសំណល់បូមមីនជាតិផ្ទុះ

ក្នុងការជំនះផលវិបាកនៃសំណល់បូមមីនជាតិផ្ទុះ នៅខែមេសា ឆ្នាំ២០១០ រដ្ឋាភិបាលវៀតណាមបានអនុវត្តកម្មវិធីជាតិប្រតិបត្តិការជំនះផលវិបាកនៃបូមមីនក្រោយពីសង្រ្គាមក្នុងកំឡុងឆ្នាំ២០១០ និង២០២៥ ដោយប្រមូលផ្តុំគ្រប់ប្រភពធនធានជាតិ និងអន្តរជាតិទាំងអស់។ ដើម្បីកាត់បន្ថយ និងបន្តឆ្ពោះទៅដោះស្រាយបញ្ហាទាំងស្រុងដែលទាក់ទិននឹងផលប៉ះពាល់នៃបូមមីន និងបំរើការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ ធានាសុវត្ថិភាព ដល់ប្រជាជន និងជួយជនរងគ្រោះ ដោយសារសំណល់បូមមីន ដើម្បីពួកគាត់ត្រឡប់វិល ទៅជីវភាពរស់នៅបាននាពេលឆាប់ៗ។

ក្នុងដំណាក់កាលឆ្នាំ ២០១៦ និង២០១៨ មានគម្រោងបោសសម្អាតសំណល់បូមមីនជាតិផ្ទុះជាង ៣០០០ ត្រូវបានប្រតិបត្តិការនៅលើផ្ទៃដីចំនួនជាង ៩០ ពាន់ហិកតាដោយមានតម្លៃសរុបប្រមាណ ២,៨៤០ពាន់លានវៀតណាមដុង។ នៅខែមេសាឆ្នាំ ២០១៨  មជ្ឈមណ្ឌលប្រតិបត្តិការជាតិកំចាត់សំណល់បូមមីនវៀតណាមបានប្រកាសចេញ "របាយការណ៍ស្តីពី ស្ថានភាពសំណល់បូមមីនជាតិផ្ទុះនៅវៀតណាម- ដំណាក់កាលទី១"។

រដ្ឋាភិបាលវៀតណាមបានដឹកនាំឲ្យបង្កើតឡើង មជ្ឈមណ្ឌលជាតិស្តីពីទិន្នន័យគ្រាប់បូមមីនដែលមានភារកិច្ចប្រមូលព័ត៌មាន និងទិន្នន័យអំពីរាល់សកម្មភាពជំនះផលវិបាកនៃគ្រាប់បូមមីនជាតិផ្ទុះក្រោយសង្គ្រាមនៅទូទាំងប្រទេស។ រៀបចំរាល់សកម្មភាពឃោសនាដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃគ្រាប់បូមមីនជាតិផ្ទុះសម្រាប់ប្រជាជនដែលរស់នៅជុំវិញតំបន់ដែលប្រឈមនឹងហានិភ័យបូមមីន។

រដ្ឋាភិបាល និងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជនរងគ្រោះដោយសារសំណល់បូមមីនតាមរយៈរាល់សកម្មភាពរបស់ក្រសួង ស្ថាប័ន និងអង្គការនានាដូចជាសមាគមជួយជ្រោមជ្រែងជនរងគ្រោះដោយបូមមីន។

ជំនួយពីមិត្តភក្តិអន្តរជាតិ

នៅលើឆាកអន្តរជាតិរដ្ឋាភិបាលនៃប្រទេសជាច្រើននិងអង្គការអន្តរជាតិនានាបានរួមជាមួយគ្នាដើម្បី ពន្លឿនវឌ្ឍនភាពនៃការជំនះផលវិបាកពីសំណល់បូមមីន។ ដៃគូសំខាន់ៗរបស់វៀតណាមក្នុងវិស័យនេះ គឺជប៉ុន អាមេរិក កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងអង្គការជាច្រើនដូចជាអង្គការទីប្រឹក្សាបូមីន (MAG) អង្គការជំនួយប្រជាជនន័រវែស (NPA) នៅវៀតណាម មជ្ឈមណ្ឌលកំចាត់មីនមនុស្សធម៌ អន្តរជាតិហ្ស៊ឺណែវ (GICHD)។

ចាប់ពីឆ្នាំ២០០៩មកម៉្លេះ ជប៉ុនបានផ្តល់ជំនួយប្រហែល៥.៥លានដុល្លារដើម្បីអនុវត្តគម្រោងបោសសំអាតមីនចំនួនពីរ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ជំនួយក្នុងសកម្មភាពជំនះផលវិបាលនៃបូមមីននៅវៀតណាមតាមរយៈបណ្តាដំណាក់កាល ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣តាមរយៈកម្មវិធីជំនួយ មនុស្សធម៌ ផ្តល់បរិក្ខារសម្ភារៈបោសសម្អាតសំណល់បូមមីនជាតិផ្ទុះ។ រដ្ឋាភិបាលកូរ៉េខាងត្បូង ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅវៀតណាមបានផ្តល់ថវិកាចំនួន ២០ លានដុល្លារ ដើម្បីអនុវត្តគម្រោងវៀតណាម - កូរ៉េខាងត្បូង សហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសំណល់បូមមីនក្រោយសង្គ្រាមនៅខេត្តចំនួនពីរគឺខេត្ត Quang Tri និង Binh Dinh "។

លើសពីនេះទៀត បណ្ដាអង្គការដូចជា UNICEF, SODI, CRS, RENEW បានចូលរួមក្នុងការឃោសនា និងការអប់រំអំពី ការទប់ស្កាត់គ្រោះថ្នាក់បណ្តាលមកពីគ្រាប់បូមមីន និងជាតិផ្ទុះ និងជួយគាំពារជនរងគ្រោះដោយសារបូមមីន។

ដូច្នេះរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ការគាំទ្រពីមិត្តភក្តិ សហគមន៍អន្តរជាតិ បានរួមចំណែកកាត់បន្ថយផលវិបាកនៃសំណល់បូមមីន និង ចំពោះប្រជាជន និងប្រទេសវៀតណាម ដោយនាំមកនូវជីវិតថ្មីសម្រាប់តំបន់ដីដែលបានទុកចោល និងជួយបន្ធូរទុក្ខលំបាកដែលបន្សល់ពីសង្គ្រាមមកនៅលើប្រទេស និងប្រជាជនវៀតណាម៕

បកប្រែដោយ Minh Trung