ថ្លែងសុន្ទរកថានៅក្នុងសន្និបាតការទូតលើកទី ៣០ នៅខែសីហា ឆ្នាំ ២០១៨ កន្លងមក លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃថា កិច្ចការបរទេសបានទទួលលទ្ធផលយ៉ាងសំខាន់និងបានក្លាយទៅជាចំណុចភ្លឺមួយក្នុងចំណោមសមិទ្ធផលទាំងឡាយរបស់ប្រទេសជាតិ។ ជាមួយពាក្យស្លោ កម្ចាស់ការ ច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាព កិច្ចការបរទេសបានរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់ប្រទេសជាតិ។

ក្នុងឆ្នាំ ២០១៨ យើងរៀបចំសន្និសីទអន្តរជាតិសំខាន់ៗជាច្រើនបានជោគជ័យ។ ព្រឹត្តិការណ៍ទាំងនេះបានបង្ហាញពីតួនាទីនិងកិត្យានុភាព​របស់ប្រទេសវៀតណាមបានកើនឡើង ហើយក៏បានផ្ដល់ឱកាសជាច្រើនក្នុងកិច្ចសហប្រតិបត្ដិការ និងការធ្វើអាជីវកម្មសម្រាប់​សហគ្រាសវៀតណាមផងដែរ។

ទន្ទឹមនឹងនោះ វៀតណាមក៏ទទួលបានភារកិច្ចសំខាន់ៗជាច្រើនពីសហគមន៍អន្ដរជាតិដូចជានៅខែឧសភាឆ្នាំ ២០១៨ ក្រុមប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក បានជ្រើសតាំងប្រទេសវៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិសំរាប់អាណត្ដិ ២០២០ - ២០២១។ នៅខែធ្នូ ឆ្នាំ ២០១៨ វៀតណាមក៏បានជាប់ឆ្នោតជាលើកដំបូងក្នុងគណៈកម្មការច្បាប់ពាណិជ្ជកម្មអន្ដរជាតិនៃអង្គការសហប្រជាជាតិ (UNCITRAL)ផងដែរ។

ក្នុងបរិបទនៃទំនាក់ទំនងអន្តរជាតិមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ក្នុងស្មារតីម្ចាស់ការ និងការច្នៃប្រឌិត យើងមិនត្រឹមតែពង្រឹងកិច្ចសហប្រតិបត្ដិការប៉ុណ្ណោះទេ ថែមទាំងពង្រីកទំនាក់ទំនងជាមួយដៃគូសំខាន់ៗទៀតផង។ ក្នុងឆ្នាំកន្លងមក ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសចំនួន ២៨ លើក និងចូលរួមសន្និសីទអន្តរជាតិធំៗជាច្រើន ក្រៅពីនេះបានទទួលគណៈប្រតិភូមកពីបណ្ដាប្រទេសមកចូលរួមព្រឹត្ដិការណ៍សំខាន់ៗចំនួន ៣៣ និងមានការជួបប្រាស្រ័យរាប់រយនៅក្រៅកិច្ចប្រជុំពហុភាគីជាដើម។ ដំណើរទស្សនកិច្ចទាំងនេះបានរួមចំណែកក្នុងការបង្កើនទំនាក់ទំនងជាមួយដៃគូលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍និងការអភិវឌ្ឍរបស់ប្រទេស​ជាតិ។

ជាមួយគ្នានោះដែរ ប្រទេសវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) តាមរយៈនោះបញ្ជាក់ពីតួនាទីរបស់វៀតណាមគឺជាចំណុចតភ្ជាប់សេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់។ យើងនិងសហភាពអឺរ៉ុបកំពុងបង្ហើយសព្វគ្រប់ជំហានចុងក្រោយដើម្បីអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) ។

leftcenterrightdel
គណៈប្រតិភូកងពេទ្យកម្រិត២ លេខ១ នៃប្រទេសវៀតណាមទៅកាន់ព្រលានយន្ដហោះ Juba ចាប់ផ្តើមចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង

ការធ្វើសមាហរណកម្មអន្តរជាតិផ្នែកនយោបាយ, ការពារជាតិ, សន្តិសុខក៏មានការីកចំរើនថ្មីផងដែរ។ ការរួមចំណែករបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិមានការរីកចម្រើន  ក្នុងនោះយើងក៏បានចាត់បញ្ជូនកម្មាភិបាល និងយុទ្ធជនទៅចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូងផងដែរ។ ការហាត់សមរួមក្នុងការ​សង្គ្រោះជន​រងគ្រោះ​រវាងវៀតណាមជាមួយចិន, អាមេរិក, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងក្របខ័ណ្ឌអាស៊ានបានរួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងការជឿជាក់លើផ្នែកនយោបាយជាដើម។

ទន្ទឹមនឹងនោះ ខ្សែព្រំដែនគោករបស់វៀតណាមជាប់ជាមួយប្រទេសចិន, ឡាវ និងកម្ពុជាត្រូវបានបន្តគ្រប់គ្រងល្អ ហើយពិតជាបានក្លាយទៅជាខ្សែព្រំដែនសន្តិភាព, មិត្តភាព និងអភិវឌ្ឍន៍ដែរ។

ក្រៅពីចំណុចភ្លឺដែលបានលើកឡើងនេះសមិទ្ធិផលគួរឱ្យកត់សម្គាល់គឺការអនុវត្តន៍ទាន់ពេលវេលា និងប្រសិទ្ធិភាពនៃការការពារប្រជាពលរដ្ឋវៀតណាមនៅក្រៅប្រទេស និងការរៀបចំសកម្មភាពជាច្រើនសម្រាប់អាណិកជនវៀតណាមនៅក្រៅប្រទេសដែលរួមចំណែកក្នុងការពង្រឹងមហាសាមគ្គីជាតិ ឆ្ពោះទៅរកមាតុប្រទេស។

នៅក្នុងបរិបទដែលប្រទេសជាតិកំពុងធ្វើសមាហរណកម្មនោះ ផ្នែកការទូត វប្បធម៌និងផ្សព្វផ្សាយពត៌មានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ រូបភាពប្រទេសវៀតណាមដែលផ្លាស់ថ្មី ធ្វើសមាហរណកម្ម និងស្ថេរភាព។

ជាទូទៅយើងឃើញថាលទ្ធផលដ៏សំខាន់ដែលសម្រេចបានក្នុងកិច្ចការបរទេសរបស់បក្សនិងរដ្ឋក្នុងឆ្នាំ ២០១៨  បានរួមចំណែកយ៉ាងសំខាន់ដល់ការកសាង និងការការពារមាតុភូមិ។ ដោយមានជំហាននិងកម្លាំងថ្មីក្រោយរយៈពេលជាង ៣០ ឆ្នាំផ្លាស់ថ្មី និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋ ផ្នែកការទូតវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលជាច្រើនថែមទៀត រួមចំណែយ៉ាងសក្ដិសមក្នុងការកសាងនិងការអភិវឌ្ឍប្រទេសជាតិ៕

ដកស្រង់អត្ថបទរបស់ លោក PHAM BINH MINH,  សមាជិកការិយាល័យនយោបាយ,

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម

បកប្រែដោយ Pham Diep