នៅក្នុងអង្គប្រជុំនេះ វាគ្មិនទាំងអស់សុទ្ធតែបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សានូវលំដាប់លំដោយពាណិជ្ជកម្មពហុភាគីសកលលោកក្នុងបរិបទដែលលទ្ធិគាំពារនិយមកំពុងងើបឡើងយ៉ាងខ្លាំង ហើយនិងភាពតានតឹងខាងពាណិជ្ជកម្មមានការរីករាលដាលនៅលើពិភពលោកផងដែរ។

leftcenterrightdel
តំណាងចូលរួមពិភាក្សាក្នុង WEF ASEAN 2018

 

ចែករំលែកពីចំណាប់អារម្មណ៍ចំពោះបញ្ហាសំខាន់ៗទាំងនេះ នាយករដ្ឋមន្រ្តីស្រីលង្កាបានសង្កត់ធ្ងន់ទៅលើផលប៉ះពាល់ពីភាពតានតឹងដែលកំពុងកើនឡើងក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ហើយជាពិសេសគឺនៅក្នុងវិស័យពាណិជ្ជកម្មចំពោះតំបន់អាស៊ី។ ជាមួយនឹងការលេចឡើងនៃលទ្ធិគាំពារនិយមដោយមានសកម្មភាពសងសឹកគ្នាទៅវិញទៅមកក្នុងវិស័យពាណិជ្ជកម្មក្នុងរយៈពេលកន្លងមកនោះ លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe បានសម្តែងនូវការព្រួយបារម្ភអំពីភាពរង្គោះរង្គើនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីសកលលោកនាបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-wha បានមានប្រសាសន៍ថា “ការបិទទ្វារ” នៃខឿនសេដ្ឋកិច្ច មួយចំនួនបានជះឥទ្ធិពលជាអវិជ្ជមានដល់រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី។

ហើយយោងតាមលោក Taro Kono រដ្ឋមន្រ្តីក្រសួងការបរទេសផងដែរ កាលពីសង្គ្រាមលោកលើកទី២ មកម៉្លេះ ស្ថាប័នពីរនៃប្រព័ន្ធ Bretton Woods ដូចជា៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក ហើយក្រោយមកមានបន្ថែមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជានិមិ្មតរូបនៃពាណិជ្ជកម្មសេរី និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីសកលលោកដោយផ្អែកលើការរាល់បទកំណត់រួម បាននាំមកនូវភាពជោគជ័យសម្រាប់សេដ្ឋកិច្ចពិភពលោក។ ហេតុដូច្នេះ ប្រទេសនានាចាំបាច់គួរតែសហប្រតិបត្តិការដើម្បីរក្សាឲ្យបាននូវលំដាប់លំដោយពាណិជ្ជកម្មពហុភាគី។ មានប្រសាសន៍ក្នុងកិច្ចពិភាក្សានេះ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម បានលើកឡើងថា វៀតណាមជឿទុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគីសកលលោក និងគាំទ្រពាណិជ្ជកម្មដោយសេរី ហើយនេះជាមូលហេតុដែលវៀតណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីផងដែរ។

រួមជាមួយនឹងនិន្នាការអភិវឌ្ឍនៃសកលភាវូបនីយកម្មនោះ ការធ្វើសមាហរណកម្ម ការតភ្ជាប់  និងផលប៉ះពាល់នៃបដិវត្តន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុងរយៈពេលកន្លងមកនៅទ្វីបអាស៊ីមានគំនិតផ្តួចផ្តើមឡើងជាច្រើនដូចជា យុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងដែលមានលក្ខណៈជាសកលលោក គោលនយោបាយ“សកម្មភាពបង្វែរទិសខាងកើត”របស់ឥណ្ឌា គំនិតផ្តួចផ្តើមស្តីពី“ខ្សែក្រវ៉ាត់មួយផ្លូវមួយ” របស់ប្រទេសចិន យុទ្ធសាស្រ្ត“មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វ៊ីកដោយសេរី និងបើកទូលាយ”របស់អាមេរិក កិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងភាពជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) ជាដើម។ ក្នុងបរិបទនេះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានមានប្រសាសន៍ទៀតថា  វៀតណាមសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្រទាំងអស់ដែលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “គំនិតផ្តួចផ្តើម និងយុទ្ធសាស្រ្តត្រូវតែមានលក្ខណៈបើក រួមបញ្ចូលទាំងការគោរពច្បាប់អន្តរជាតិ និងសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងនៃប្រទេសជាតិនីមួយៗទៀតផង។

ដោយមានការវាយតំលៃខ្ពស់ចំពោះមតិលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Kang Kyung-wha បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើម និងយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការណាក្តីក៏ត្រូវតែធានាឲ្យបាននូវ “ភាពបើកទូលាយ និងតម្លាភាព” ផងដែរ។

ក្នុងកិច្ចប្រជុំនេះលោក Pham Binh Minh បានអះអាងថា  មានការពិតមួយដែលមិនអាចបដិសេធបាននោះឡើយ ពោលគឺបដិវត្តន៍ឧស្សាហកម្មលើកទី៤ បាននាំមកនូវកាលានុវត្តភាពជាច្រើនដល់អាស៊ី និងពិភពលោកទាំងមូល។ ក៏ប៉ុន្តែប្រសិនបើប្រទេសណាមួយក្តី មិនចាប់យកកាលានុវត្តភាពទាំងនេះទេ នឹងត្រូវគេទុកនៅពីក្រោយ។

លើកឡើងពីចំណាប់អារម្មណ៍របស់ខ្លួន រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kang Kyung-wha បានសង្កត់ធ្ងន់ទៅលើស្ថានភាពនៅលើឧបទ្វីបកូរ៉េ។ លោក Kang Kyung-wha បាននិយាយថា បើប្រៀបធៀបទៅនឹងរយៈពេលជាងមួយឆ្នាំកន្លងមកនោះ ស្ថានភាពនៅឧបទ្វីបកូរ៉េនាបច្ចុប្បន្ននេះមានភាពល្អប្រសើរជាងហើយ ជាពិសេសបន្ទាប់ពីកិច្ចប្រជុំកំពូលអន្តរកូរ៉េនៅខែមេសា និងកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េ កាលពីខែមិថុនាឆ្នាំនេះ។ ប្រឈមមុខនឹងក្តីបារម្ភ និងការវិវឌ្ឍដ៏ស្មុគស្មាញទាំងអស់ក្នុងពេលថ្មីៗនេះ ប្រការដែលសំខាន់បំផុតនោះគឺត្រូវតែធ្វើយ៉ាងណាដើម្បីកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធទាំងអស់ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េទទួលបានលទ្ធផលដ៏វិជ្ជមាន។

នៅក្នុងបរិបទដែលជប៉ុនត្រូវរងគ្រោះដោយព្យុះជាច្រើនយ៉ាងធ្ងន់ធ្ងរនោះ លោករដ្ឋមន្ត្រី Taro Kono បានលើកឡើងថា ការប្រែប្រួលអាកាសធាតុដែលពាក់ព័ន្ធទៅនឹងសន្តិសុខប្រភពទឹក និងសន្តិសុខស្បៀងអាហារនោះគឺជាបញ្ហាប្រឈមដ៏ធំមួយដែលពិភពលោក ក៏ដូចជាអាស៊ានទាំងមូលកំពុងប្រឈមមុខ។ លោក Taro Kono បានមានប្រសាសន៍ថា ត្រូវតែរក្សាឲ្យបាននូវលំដាប់លំដោយមួយដោយផ្អែកលើច្បាប់ ព្រមទាំងសហគមន៍អន្តរជាតិក៏ត្រូវតែមានសម្លេងរួមតែមួយក្នុងការទប់ទល់នឹងបញ្ហាដូចបានរៀបរាប់ខាងលើផងដែរ៕

បកប្រែដោយ Minh Trung