ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសជាម្ចាស់ផ្ទះវៀតណាម រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីបណ្តាប្រទេស សហគ្រាសធំៗ និងអង្គការអន្តរជាតិជាច្រើនកុះករនៅលើពិភពលោកផងដែរ។

leftcenterrightdel
ថ្នាក់ដឹកនាំអញ្ជើញចូលរួមកិច្ចប្រជុំ (រូបថត៖ vnanet.vn)

 

វិស័យដែលនៅមានសក្តានុពលជាច្រើន

ឲ្យតែនិយាយដល់អាស៊ាន អ្នកទាំងអស់គ្នានឹងនឹកឃើញពីតំបន់មួយដែលសម្បូរទៅដោយធនធានធម្មជាតិ សក្តានុពល ហើយជារោងចក្រផលិតកម្មនៃពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយក៏នៅក្នុងរលកនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤នោះភាពជឿនលឿននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅអាស៊ាននាពេលបច្ចុប្បន្ននេះត្រូវបានគេស្គាល់ផងដែរថា ជាកន្លែងមួយដែលបណ្តុះគំនិតថ្មីជាច្រើននៅលើពិភពលោក។ បើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ថា បច្ចេកវិទ្យាខ្ពស់ និងសេដ្ឋកិច្ចឌីជីថលថ្មី ទើបតែជាវិស័យដ៏មានសក្តានុពលរបស់អាស៊ាន ដោយមានការព្យាករណ៍ថានឹងកើនឡើង៤ដង ស្មើនឹង ២០០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២៥។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានកត់សម្គាល់ថា បដិវត្តន៍ឧស្សាហកម្មលើកទី៤ បានផ្តល់ឲ្យអាស៊ាននូវលក្ខណៈអំណោយផលយ៉ាងខ្លាំងក្លា ដែលជាអាទ៍ត្រូវតែនិយាយដល់ការសម្រេចបាននូវផលិតភាពខ្ពស់ក្នុងវិស័យឧស្សាហកម្មធំៗទាំង៥គឺ៖ អេឡិចត្រូនិក សារធាតុគីមី ប្រេងឧស្ម័ន ទំនិញប្រើប្រាស់ ម្ហូបអាហារ និងឱសថ។ ទីពីរគឺបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជួយជំរុញកំណើនសេដ្ឋកិច្ច ហើយឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ។ ទីបីគឺដើម្បីលើកកម្ពស់តួនាទីរបស់សហគ្រាសធុនតូច និងមធ្យមដែលជាឆ្អឹងខ្នងនៃគ្រប់ខឿនសេដ្ឋកិច្ចរបស់អាស៊ាន និងជាកន្លែងផ្តួចផ្តើមឡើងគំនិតថ្មីជាច្រើន។ ទីបួនគឺជាឱកាស“ហក់ឡើង” ក្នុងគោលនយោបាយឧស្សាហូបនីយកម្ម។ “អាស៊ានអាចឆ្លងកាត់ពីរាល់ដំណាក់កាលនៃការអភិវឌ្ឍឧស្សាហកម្មប្រពៃណីទៅជាការអភិវឌ្ឍដោយផ្អែកទៅលើបញ្ញាសិប្បនិម្មិតមនុស្ស យន្តការស្វ័យប្រវត្តិកម្មជាដើម ដើម្បីលើកកម្ពស់ផលិតភាព និងការប្រើប្រាស់ធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។

ក៏ប៉ុន្តែបញ្ហាប្រឈមដែលបណ្តាលមកពីបដិវត្តន៍ឧស្សាហកម្មលើកទី៤ ចំពោះប្រទេសអាស៊ានទាំងអស់នោះមិនតិចទេ។ ដោយរួមមានទាំងបញ្ហាប្រឈម និងទាំងកាលានុវត្តភាពដូចនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យមានការតភ្ជាប់នូវបណ្តាញអប់រំនៃអាស៊ាន និងប្រព័ន្ធសិក្សារៀនសូត្រពេញមួយជីវិត... ក្នុងបរិបទដែលមានការជះឥទ្ធិពលពីបដិវត្តន៍ឧស្សាហកម្មលើទី៤នោះ ការប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោកបានកើតមានឡើងយ៉ាងតឹងរឹង ហេតុដូច្នេះយើងត្រូវតែពង្រឹងចំណងសាមគ្គីភាព បង្កើនកំលាំងផ្ទៃក្នុងដើម្បីកសាងអាស៊ានមួយប្រកបដោយសន្តិភាព ស្ថិរភាព ភាពរឹងមាំដោយផ្អែកទៅលើច្បាប់ ហើយយកប្រជាជនជាស្នូល។

នៅលើទូកតែមួយ

ដោយមានប្រធានបទ “អាស៊ាន៤.០៖ សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្មលើកទី៤” កិច្ចប្រជុំ WEF ASEAN 2018 ជាវេទិកាដ៏មានកិត្តិយស ដើម្បីថ្នាក់ដឹកនាំ និងសហគមន៍ធុរកិច្ចក្នុងស្រុក និងក្រៅស្រុកវាយតម្លៃយ៉ាងត្រឹមត្រូវនូវផលប៉ះពាល់នៃបដិវត្តន៍វត្តឧស្សាហកម្មលើកទី៤ ចំពោះបណ្តាប្រទេសអាស៊ាន និងក្នុងតំបន់ ជាពិសេសគឺផលប៉ះពាល់ដល់សហគ្រាស និងប្រជាជន។ ដោយឈរលើមូលដ្ឋាននោះ ថ្នាក់ដឹកនាំមួយចំនួនបានចាត់ទុកថា ដើម្បីតម្រង់ទិសឲ្យបានត្រឹមត្រូវក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ទាមទារឲ្យរដ្ឋាភិបាល និងប្រទេសអាស៊ានទាំងអស់ ត្រូវតែបង្កើតលក្ខណៈអំណោយផលសម្រាប់ការចាប់ផ្តើមអាជីវកម្ម ហើយក្នុងបដិវត្តន៍នេះ សហគ្រាសរដ្ឋ ឬឯកជនទាំងអស់សុទ្ធតែកំពុងស្ថិតនៅលើទូកតែមួយ ក៏ដូចជាអាស៊ានទាំងមូលក៏កំពុងស្ថិតនៅលើទូកតែមួយផងដែរ៕

បកប្រែដោយ Minh Trung