នេះគឺជាព្រឹត្តិការណ៍ពហុភាគីមួយក្នុងចំណោមព្រឹត្តិការណ៍ពហុភាគីជាច្រើនដែលត្រូវបានរៀបចំឡើងនៅវៀតណាមក្នុងឆ្នាំនេះ។ គួរឲ្យបញ្ជាក់ថា វៀតណាមបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជា៖ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៦ នៃវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក (APPF-26) កិច្ចប្រជុំកំពូលសហប្រតិបត្ដិការមហាអនុតំបន់មេគង្គ (លើកទី៦) និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី១០ (CLV 10) ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ត្រួតពិនិត្យកិច្ចការរៀបចំ WEF ASEAN 2018

 

កិច្ចប្រជុំ  WEF ASEAN 2018 បានធ្វើឡើងនៅក្នុងបរិបទដែលដំណើរការកសាងសហគមន៍អាស៊ាន កំពុងបានជំរុញយ៉ាងខ្លាំង ស្ថានភាពពិភពលោក និងក្នុងតំបន់មានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ហើយនិងផលប៉ះពាល់នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤កាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត។ ហេតុដូច្នេះ ប្រធានបទ “អាស៊ាន៤.០៖ ស្មារតីសហគ្រាស និងបដិវត្តន៍ឧស្សាហកម្មលើកទី៤” នៃកិច្ចប្រជុំត្រូវបានគេចាត់ទុកថាជាការអនុវត្តជាក់ស្តែង ឆ្លើយតបនឹងការយកចិត្តទុកដាក់រួមពីសំណាក់រាល់ប្រទេសអាស៊ាន និងតំបន់ ព្រមទាំងផ្សាភ្ជាប់ជាមួយប្រធានបទរបស់អាស៊ាន នាឆ្នាំនេះគឺឆ្ពោះទៅរក “ការកសាងកាលានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន”។ កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអាស៊ាន និងក្នុងតំបន់ ក៏ដូចជាថ្នាក់ដឹកនាំមកពីបណ្តាអង្គការអន្តរជាតិសំខាន់ៗដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារវិនិយោគអាស៊ី (AIIB) សាជីវកម្មធំៗជាដើម។

ដោយមានកិច្ចពិភាក្សាប្រហែលចំនួន ៦០ កិច្ចប្រជុំ WEF ASEAN 2018 នឹងផ្តោតសំខាន់លើបញ្ហាដែលរដ្ឋាភិបាល  សហគ្រាស និងប្រជាជនអាស៊ានមានចំណាប់អារម្មណ៍ ដូចជា៖ កំណត់នូវទស្សនវិស័យថ្មីៗសម្រាប់អាស៊ានស្តីពី ការធ្វើសមាហរណកម្មក្នុងតំបន់, ការស្វែងរកគំរូសេដ្ឋកិច្ចថ្មី និងការគ្រប់គ្រងក្នុងយុគសម័យឌីជីថល, ការស្វែងរកសក្តានុពល និងបរិយាកាសអាជីវកម្មថ្មី សម្រាប់បណ្តាប្រទេសអាស៊ានក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មលើកទី៤,  សហគ្រាសជាមួយវិធីសាស្រ្តថ្មីក្នុងអភិបាលកិច្ចសកល និងតំបន់, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ, ការបណ្តុះបណ្តាលជំនាញការងារ, ការកសាងកាលានុវត្តន៍ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើលទី៤។

ចាប់តាំងពីវៀតណាម និង WEF បានចាប់ផ្តើម កិច្ចសហប្រតិបត្តិការនៅក្នុងឆ្នាំ១៩៨៩ មកម៉្លេះ WEF ជាវេទិកាដ៏សំខាន់មួយដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើសមាហរណកម្មអន្តរជាតិនៃវៀតណាម។ មកដល់បច្ចុប្បន្ននេះ ប្រទេសវៀតណាម គឺជាប្រទេសដំបូង និងតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែល WEF បានចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ(PPP)។ ទន្ទឹមនឹងនេះ វៀតណាម មានការយកចិត្តទុកដាក់ជានិច្ចកាលដល់កិច្ចសហប្រតិបត្តិការជាមួយ WEF ដោយបុរេសកម្ម និងចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់គំនិតផ្តួចផ្តើម ជាច្រើននៅឯវេទិកាដ៏ល្បីល្បាញឈានមុខគេលើពិភពលោក។

ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ WEF ASEAN 2018 បានបង្ហាញឲ្យឃើញពីគោលការណ៍ ម្ចាស់ការក្នុងការធ្វើសមាហរណកម្មអន្តរជាតិរបស់បក្ស និងរដ្ឋ និងការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាពាក់ព័ន្ធនានា។ សន្និសីទនេះក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង WEF នាពេលខាងមុខ។ សន្និសីទនេះក៏ជាឱកាសមួយ ដើម្បីផ្សព្វផ្សាយពីរូបភាពនៃវៀតណាមមួយដ៏រាក់ទាក់ ស្រស់ស្អាតដល់ពិភពលោក និងតំបន់ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ជាមួយវៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការពង្រីកទីផ្សារ ទាក់ទាញប្រភពទុនវិនិយោគមានគុណភាព និងបច្ចេកវិទ្យាខ្ពស់ទំនើបៗ។

វៀតណាមជឿជាក់យ៉ាងមោះមុតថា ដោយមានការរៀបចំ យ៉ាងល្អិតល្អន់នៃម្ចាស់ផ្ទះវៀតណាម ការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ WEF ការគាំទ្រពីដៃគូទាំងអស់ និងការចូលរួមយ៉ាងសកម្មពីគ្រប់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននោះ  WEF ASEAN 2018 នឹងសម្រេចបានជោគជ័យដ៏ធំធេង រួមចំណែកក្នុងការពង្រឹងសាមគ្គីភាព និងភាពរុងរឿង វិបុលភាពរបស់អាស៊ាន ក៏ដូចជាការលើកកម្ពស់រូបភាពនៃប្រទេសវៀតណាមមួយ បើកទូលាយ មានសក្តានុពលអភិវឌ្ឍយ៉ាងខ្លាំង និងមានការប្តេជ្ញាចិត្តក្នុងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម៕

បកប្រែដោយ Minh Trung