ដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីរបស់លោកអគ្គលេខាបក្សត្រូវបានប្រព្រឹត្តទៅមុនព្រឹត្តិការណ៍ធំៗនៃប្រទេសទាំងពីរដូចជា៖ ពិធីរំលឹកខួបលើកទី ២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានក្នុងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងរុស្ស៊ីក្នុងឆ្នាំ២០១៩ តែម្តង រួមទាំងពិធីរំលឹកខួបលើកទី ៧០ ទិវានៃការបង្កើតទំនាក់ទំនងការទូតវៀតណាម និងរុស្ស៊ី នាឆ្នាំ២០២០។

leftcenterrightdel
រូបថតឧទាហរណ៍

 

មានភូមិសាស្រ្តស្ថិតនៅផ្នែកខាងជើងនៃទ្វីបអាស៊ី - អឺរ៉ុប សហព័ន្ធរុស្ស៊ីមានទំហំផ្ទៃដីធំទូលាយជាង ១៧.១២៥ គ.មការេ ដោយមានប្រជាជនចំនួនជាង ១៤៦.៨៨០ លាននាក់។ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោក V.Putin ឡើងកាន់អំណាច(នាឆ្នាំ២០០០) មកម៉្លេះ  ស្ថានភាពនយោបាយសង្គមនៅសហព័ន្ធរុស្ស៊ី មានស្ថិរភាពជាបណ្តើរៗ សេដ្ឋកិច្ចត្រូវបានស្តារឡើងវិញ និងអភិវឌ្ឍ។ តួនាទីរបស់រដ្ឋ និងរដ្ឋាភិបាលត្រូវបានពង្រឹង ហើយនិន្នាការនៃការបំបែកខ្លួនត្រូវបានរុញច្រានថយក្រោយ ជីវភាពរស់នៅរបស់ប្រជាជនល្អប្រសើរឡើងជាបន្តបន្ទាប់។

មកទល់បច្ចុប្បន្ននេះ រុស្ស៊ីគឺជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាសមាជិកក្រុមប្រទេស G20 ក្រុម BRICS និងអង្គការអន្តរជាតិ និងតំបន់ជាច្រើនទៀត។ ក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ីនោះ តំបន់អាស៊ី - ប៉ាស៊ីហ្វិក ពិតជាមានសារៈសំខាន់ណាស់។ រុស្ស៊ីបានចូលរួមយ៉ាងសកម្មនៅក្នុងយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ដូចជា៖ APEC កិច្ចប្រជុំកំពូលរុស្ស៊ី - អាស៊ាន EAS, ARF, ASEM, ADMM+… ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសក្នុងតំបន់ដែលក្នុងនោះមានរួមទាំងវៀតណាមផងដែរ។

ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា ទំនាក់ទំនងរវាងវៀតណាម និងសហភាពសូវៀតកាលពីមុន និងជាមួយរុស្ស៊ីសព្វថ្ងៃនេះតែងតែពោរពេញទៅដោយភាពកក់ក្តៅគួរឲ្យទុកចិត្ត ហើយបានយកឈ្នះលើរាល់ការលំបាកឧបសគ្គទាំងឡាយ និងការប្រែប្រួលនៃយុគសម័យនីមួយៗ។ សហភាពសូវៀត ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់នៅលើពិភពលោកដែលទទួលស្គាល់និងបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយវៀតណាមនាថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៥០  ដែលបានសាងឡើងមូលដ្ឋានគ្រឹះសម្រាប់ចំណងមិត្តភាពយូរអង្វែង មាំមួន និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនៅពេលក្រោយ។

បន្ទាប់ពីការរំលាយរបស់សហភាពសូវៀត (ធ្នូ ឆ្នាំ១៩៩១) ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងវៀតណាម និងសហព័ន្ធរុស្ស៊ីបានបន្តកើនឡើងយ៉ាងខ្លាំង។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានក្នុងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងរុស្ស៊ីកាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ១៩៩៤ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អតីតនាយករដ្ឋមន្ត្រីវៀតណាមលោក Vo Van Kiet បានបើកចេញនូវដំណាក់កាលអភិវឌ្ឍថ្មីក្នុងទំនាក់ទំនងទ្វេភាគី។

រាល់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានធ្វើឡើងជារឿយៗ។ ជាពិសេសដំណើរទស្សនកិច្ចរបស់អតីតប្រធានរដ្ឋវៀតណាមលោក Tran Duc Luong ទៅកាន់សហព័ន្ធរុស្ស៊ីក្នុងខែសីហាឆ្នាំ១៩៩៨នោះ  បានជួយនាំមកនូវជំហានថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។ ហើយនេះក៏ជាលើកដំបូងបង្អស់ដែលអតីតប្រធានាធិបតីរុស្ស៊ីលោក Boris Yeltsin បានអះអាងថា រុស្ស៊ីចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រនៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ ក្របខ័ណ្ឌនៃទំនាក់ទំនង វៀតណាម - រុស្ស៊ី នៅក្នុងសតវត្សទី២១ ត្រូវបានបង្កើតឲ្យចេញជារូបរាងជាក់ស្តែងជាផ្លូវការដោយការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីភាពជាដៃគូយុទ្ធសាស្រ្តក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់ប្រទេសវៀតណាម នាឆ្នាំ២០១២។ វៀតណាម និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ។

ចាប់តាំងពីឆ្នាំ២០០៨មកម៉្លេះ វៀតណាម និងរុស្ស៊ីបានបង្កើតនូវយន្តការមួយសម្រាប់កិច្ចសន្ទនាស្តីពីយុទ្ធសាស្រ្តខាងការទូត-សន្តិសុខ-ការពារជាតិ ជាប្រចាំឆ្នាំនៃថ្នាក់អនុរដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេស ហើយនាឆ្នាំ២០១៣ ភាគីទាំងពីរបានបង្កើតឡើងយន្តការនៃកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្រ្តីការពារប្រទេស។

ភាគីទាំងពីរបានឯកភាពលើបញ្ហាអន្តរជាតិ និងតំបន់ជាច្រើន ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរជាតិដូចជាអង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី - ប៉ាស៊ីហ្វិក  វេទិកាកិច្ចសហប្រតិបត្តិការអាស៊ី - អឺរ៉ុប វេទិកាតំបន់អាស៊ានជាដើម។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរបស់វៀតណាម - និងរុស្ស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងរស់រវើក។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសម្ព័ន្ធសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប ចាប់ផ្តើមមានសុពលភាពចាប់ពីខែតុលា ឆ្នាំ២០១៦ តទៅ។ ការអនុវត្តកិច្ចព្រមព្រៀងនេះនឹងក្លាយទៅជាឱកាសមួយដើម្បីនាំមកនូវរបកគំហើញមួយឆ្ពោះទៅរកគោលដៅនៃការបង្កើនការដោះដូរពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានរហូតដល់ ១០ ពាន់លានដុល្លារនាត្រឹមឆ្នាំ២០២០។ បច្ចុប្បន្នរុស្ស៊ីជាប់ចំណាត់ថ្នាក់ទី២៦  នៃទីផ្សារនាំចេញ និងទី២២ នៃទីផ្សារនាំចូលរបស់វៀតណាម។ នៅក្នុងឆ្នាំ ២០១៧ នោះទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងរុស្ស៊ីបានឈានដល់៣.៥ ពាន់លានដុល្លារ។

រាល់សកម្មភាពផ្លាស់ប្តូរវប្បធម៌ក៏ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ រួមចំណែកក្នុងការលើកកំពស់ពីយល់ដឹង និងមិត្តភាពរវាងប្រទេសទាំងពីរ។ សហព័ន្ធរុស្ស៊ីបន្តជាទីផ្សារមួយក្នុងចំណោមទីផ្សារ១០ ដែលមានកំណើនសេដ្ឋកិច្ចឈានមុខគេនៅវៀតណាម។ សហព័ន្ធរុស្ស៊ីក៏បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញអារម្មណ៍ចំពោះភ្ញៀវទេសចរវៀតណាមផងដែរ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្រោយពីមហាសន្និបាតបក្សលើកទី១២ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំកំពូលវៀតណាមទៅកាន់ សហព័ន្ធរុស្ស៊ីបន្ទាប់ពីប្រធានាធិបតីលោក Vladimir Putin ជាប់ឆ្នោតសាជាថ្មីនៅខែមីនាឆ្នាំ២០១៨ និងរុស្ស៊ីបង្គ្រប់ក្បាលម៉ាស៊ីនដឹកនាំថ្មី។ ដំណើរទស្សនកិច្ចលើកនេះមានគោលបំណងពង្រឹងជំនឿទុកចិត្តខាងនយោបាយ ពង្រឹងចំណងទាក់ទងយុទ្ធសាស្ត្រ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងបញ្ជាក់ពីគោលការណ៍ឥតងាករេរបស់វៀតណាមចំពោះរុស្ស៊ី និងចាត់ទុករុស្ស៊ីជាដៃគូអាទិភាពចម្បងក្នុងគោលនយោបាយការបរទេស  ព្រមទាំងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ីឲ្យកាន់តែទូលំទូលាយ ជាក់ស្តែងនិងប្រសិទ្ធភាព៕

បកប្រែដោយ Minh Trung