leftcenterrightdel
កិច្ចប្រជុំកំពូល GMS 6

កិច្ចប្រជុំកំពូល GMS 6 ក្រោមមូលបទថា “ការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការកសាង ការធ្វើសមាហរណកម្ម GMS  ប្រកបដោយនិរន្តរភាព និងវិបុលភាពរហូតក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក”។ ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូលតំបន់អភិវឌ្ឍន៍ត្រីកោណ CLV 10 នឹងពិនិត្យឡើងវិញ ពីការអនុវត្ត “ការរៀបចំផែនការមេស្តីពីការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងតំបន់ CLV ឆ្នាំ ២០១០-២០២០” និងពិភាក្សាអំពីទិសដៅនាពេលអនាគតសម្រាប់កិច្ចសហប្រតិបត្តិការ ហើយជាពិសេសអំពីការពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាង កម្ពុជា-ឡាវ-វៀតណាម។

leftcenterrightdel
កិច្ចប្រជុំកំពូល CLV 10

នេះគឺជាសកម្មភាពទំនាក់ទំនងការទូតពហុភាគីដ៏សំខាន់មួយរបស់វៀតណាមក្នុងឆ្នាំ ២០១៨នេះ។ ក្រោយពីជោគជ័យនៃ APEC 2017 វៀតណាមបានបន្តធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល GMS 6 និងកិច្ចប្រជុំកំពូល CLV 10 ប្រការនេះបានបញ្ជាក់ពីកិត្យានុភាពរបស់វៀតណាមកាន់តែបានលើកកម្ពស់នៅលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីតួនាទី និងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមចំពោះយន្តការទាំងឡាយសម្រាប់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់តំបន់។

កម្មវិធីសហប្រតិបត្តិការរបស់ GMS ត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ ១៩៩២ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ បណ្តាប្រទេសសមាជិកនៃមហាអនុតំបន់ទន្លេមេគង្គរួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។ កម្មវិធីសហប្រតិបត្តិការ GMS មានគោលបំណងលើកកម្ពស់ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមករវាងបណ្តាប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងខេត្តពីរគឺយូណាន និងក្វាងស៊ី របស់ប្រទេសចិន ធ្វើឲ្យមហាអនុតំបន់ទន្លេមេគង្គក្លាយជាតំបន់ដែលរីកចម្រើនយ៉ាងឆាប់រហ័សប្រកបដោយវិបុលភាពនៅក្នុងតំបន់។ កិច្ចសហប្រតិបត្តិការ GMS ត្រូវបានដំណើរការដោយផ្អែកលើមូលដ្ឋានចំនួនបីគឺ៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការតភ្ជាប់សហគមន៍។ ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការ GMS ត្រូវបានអនុវត្តនៅក្នុងបណ្តាវិស័យដូចជា៖ គមនាគមន៍ និងដឹកជញ្ជូន ថាមពល បរិស្ថាន កសិកម្ម ទេសចរណ៍ វិនិយោគទុន ពាណិជ្ជកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលក្នុងនោះវិស័យគមនាគមន៍ និងដឹកជញ្ជូនត្រូវបានអនុវត្តយ៉ាងខ្លាំងបំផុត។

ចាប់តាំងពីបានបង្កើត GMS នៅឆ្នាំ ១៩៩២ មកម៉្លេះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសហប្រតិបត្តិការនេះ។ ការចូលរួមរបស់វៀតណាមបាននាំមកនូវលទ្ធផលវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការលុបបំបាត់ភាពទុរ្ភិក្ស ការកាត់បន្ថយភាពក្រីក្រ ក៏ដូចជារួមចំណែកដល់ការធ្វើសមាហរណកម្ម ការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់។ គិតមកត្រឹមថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ រាល់គម្រោងសហប្រតិបត្តិការរបស់ GMS នៅវៀតណាមត្រូវបានប៉ាន់ប្រមាណថា មានទឹកប្រាក់ចំនួន ៦ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៣០% នៃប្រាក់កម្ចី/ឧបត្ថម្ភសរុបរបស់ GMS ។ វៀតណាមក៏ចូលរួមផងដែរនៅក្នុងគំនិតផ្តួចផ្តើម និងកិច្ចសហការជាច្រើននៃ GMS ដូចជាកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងព្រំដែនរបស់មហាអនុតំបន់ទន្លេមេគង្គ, ការសិក្សាស្រាវជ្រាវយុទ្ធសាស្រ្តលើវិស័យផ្លូវគមនាគមន៍ និងដឹកជញ្ជូនតាមអនុតំបន់ទន្លេមេគង្គ, ការបង្កើតក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគ ...។

ដោយសារបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ មកម៉្លេះ យន្តការសហប្រតិបត្តិការ តំបន់អភិវឌ្ឍន៍ត្រីកោណ CLV បានផ្តោតសំខាន់លើរាល់វិស័យ៖ សន្តិសុខ-កិច្ចការបរទេស ការដឹកជញ្ជូន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម វិនិយោគ សង្គមកិច្ច និងការពារបរិស្ថាន... រហូតមកទល់បច្ចុប្បន្ននេះ យន្តការសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV បានបន្តលើកកម្ពស់តួនាទីជាយន្តការដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ដើម្បីធានាសន្តិសុខ និងស្ថិរភាពនយោបាយ ការលុបបំបាត់ភាពទុរ្ភិក្ស ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅក្នុងតំបន់។ ក្នុងនាមជាសមាជិកមួយ វៀតណាមបានចូលរួមយ៉ាងសកម្មជានិច្ចក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងយន្តការ CLV ។ កិច្ចប្រជុំកំពូល CLV លើកទី ៨ បានយល់ព្រមគាំទ្រសំណើ ០២ របស់វៀតណាមដោយរួមទាំងការពង្រីកទំហំកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV តាមរយៈការពង្រឹង ការតភ្ជាប់ នៃខឿនសេដ្ឋកិច្ចទាំងបីនៅក្នុងវិស័យដឹកជញ្ជូន គមនាគមន៍ អគ្គិសនី ទេសចរណ៍ ធនាគារ ជាដើម។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល GMS 6 និងកិច្ចប្រជុំកំពូលតំបន់អភិវឌ្ឍន៍ត្រីកោណ CLV 10 វៀតណាមបានសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសដទៃទៀតដើម្បីបង្កើតឯកសារនៃរាល់សន្និសីទដែលបង្ហាញពីការប្តេជ្ញាចិត្តដើម្បីផ្សព្វផ្សាយពីខ្លឹមសារជាក់ស្តែង លម្អិត និងផ្តោតសំខាន់លើការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនៃរាល់យន្តការសហប្រតិបត្តិការ។ ការរៀបចំប្រកបដោយជោគជ័យនៃរាល់កិច្ចប្រជុំដែលបានលើកឡើងខាងលើនឹងរួមចំណែកក្នុងការលើកកម្ពស់ផលប្រយោជន៍របស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទន្លេមេគង្គ ជួយពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណីជាមួយបណ្តាប្រទេសជិតខាងដោយរួមចំណែកដល់យន្តការនានានៃ GMS និង CLV ឲ្យមានការអភិវឌ្ឍតាមនិន្នាការជាក់ស្តែងជាង។ លើសពីនេះទៀត នេះក៏ជាកាលានុវត្តភាពមួយសម្រាប់វៀតណាមអាចផ្សព្វផ្សាយពីរូបភាពនៃប្រទេស និងប្រជាជនវៀតណាមដែលមានចរិតស្មោះត្រង់ រាក់ទាក់ ស្និទ្ធស្នាល ចំពោះប្រទេសជិតខាងទាំងឡាយ។

ដោយមានការខិតខំប្រឹងប្រែងក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលទាំងនេះ និងគំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិក វៀតណាមជឿជាក់ថា កិច្ចប្រជុំកំពូល GMS 6 និងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV10 នឹងទទួលបានជោគជ័យ ហើយរួមចំណែកកាន់តែច្រើនឡើងៗដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរុងរឿងក្នុងតំបន់ទាំងមូល៕

បកប្រែដោយ Minh Trung