វៀតណាម និងឡាវជាប្រទេសភូមិផងរបងជាមួយគ្នាយ៉ាងជិតស្និទ្ធ និងប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណីយ៉ាងស្មោះត្រង់និងស្និទស្នាលយូរលង់មកហើយ។ ជាពិសេស ចាប់តាំងពីការបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិនដែលក្រោយមកគឺជាបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ទំនាក់ទំនងពិសេសវៀតណាម-ឡាវត្រូវបានបង្កើតឡើងដោយលោក ប្រធានហូជីមិញ លោកប្រធានរដ្ឋ Kaysone Phomvihane និងលោកប្រធានរដ្ឋ Souphanouvong ព្រមទាំងបានពូនជ្រំឡើងដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់មកម៉្លេះ។ ម្យ៉ាងទៀត ទំនាក់ទំនងនេះត្រូវបានឆ្លងកាត់តាមរយៈការតស៊ូប្រយុទ្ធប្រឆាំងពួកអាណានិគមនិយម និងពួកចក្រពតិ្តឈ្លានពាន ហើយត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងឡើងៗ និងក្លាយទៅជាគំរូដ៏ល្អ ក៏ដូចជាទ្រព្យសម្បត្តិថ្លៃថ្នូរដែលមិនអាចកាត់ថ្លៃបានឡើយ។ ទាំងនេះ គឺជាកត្តាដ៏មានសារៈសំខាន់ដើម្បីធានានូវភាពជោគជ័យនៃបុព្វហេតុបដិវត្តន៍នៅប្រទេសនិមួយៗ។ សម័យប្រជុំលើកទី ៤០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ប្រព្រឹត្តទៅក្នុងបរិបទ ប្រទេសទាំងពីរទើបតែរៀបចំឆ្នាំសាមគ្គីវៀតណាម-ឡាវ និងឡាវ-វៀតណាម ២០១៧ ប្រកបដោយជោគជ័យ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់ រដ្ឋាភិបាល វៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំលើកទី ៤០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម - ឡាវ នៅរដ្ឋធានីវៀងច័ន្ទ (ប្រទេសឡាវ)

នៅក្នុងឆ្នាំ ២០១៧ កន្លងទៅទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធនិងមានទំនុកចិត្តយ៉ាងជ្រាលជ្រៅ។ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានជួបគ្នាជាញឹកញាប់។ ជាពិសេសថ្មីៗនេះ មានដំណើរទស្សនកិច្ច មិត្តភាពជាផ្លូវការនៅប្រទេសវៀតណាមរបស់ លោក Bounnhang Vorachith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវកាលពី ខែធ្នូ កន្លងមក។

ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសវៀតណាម - ឡាវ ត្រូវបានរឹតបន្តឹងកាន់តែជិតស្និទ្ធ និងស៊ីជម្រៅដោយសម្រេចបាននូវប្រសិទ្ធភាពជាវិជ្ជមាន រួមចំណែកធ្វើឱ្យមានស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សន្តិសុខនៃប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរបន្តសហការគ្នាក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតិយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីជីវិតនៅប្រទេសឡាវក្នុងសម័យសង្រ្គាម ដែលក្នុងនោះមានអដិ្ឋធាតុចំនួន ២៧០ នាក់ ត្រូវបានរកឃើញនិងធ្វើមាតុភូមិនិវត្តន៍នៅរដូវប្រាំង ២០១៦-២០១៧ ។

leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម  និង លោក Thongloun Sisoulith នាយករដ្ឋមន្ទីឡាវរួមទាំងតំណាងទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ sggp.org.vn)

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគត្រូវបានប្រទេសទាំងពីរបន្តយកចិត្តទុកដាក់និងលើកកំពស់ជាបន្តបន្ទាប់។ គិតដល់ដំណាច់ ខែតុលា ឆ្នាំ២០១៧  ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៧២០.៤  លានដុល្លារកើនឡើង ៨,៧% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦។ បច្ចុប្បន្ននេះ វៀតណាមជាវិនិយោគិនសំខាន់មួយ ដែលឈរនៅលំដាប់ទី៣ នៅប្រទេសឡាវ។ គម្រោងវិនិយោគជាច្រើនរបស់វៀតណាមនៅឡាវបានពង្រីកប្រសិទ្ធិភាពក្នុងការផលិតកម្ម និងការធ្វើអាជីវកម្មមានចំណេញដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសទាំងពីរ ព្រមទាំង បង្កើតការងារ និងនាំមកនូវសុខុមាលភាពសង្គមល្អនៅប្រទេសឡាវ។

ភាគីទាំងពីរក៏យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល  អភិវឌ្ឍធនធានមនុស្ស ការដឹកជញ្ជូន វិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្មវប្បធម៌ និង ទេសចរណ៍ជាដើម។ល។ ភាគីទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ជាពិសេស រួមគ្នាកសាង សហគមន៍អាស៊ានមួយប្រកបដោយខ្លាំងក្លានិងសាមគ្គីភាព។

ដោយឈរលើមូលដ្ឋាននោះ យើងជឿជាក់យ៉ាងមុតមាំថាសម័យប្រជុំលើកទី ៤០  នៃគណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ នឹងសម្រេចដោយ ជោគជ័យដ៏ល្អប្រសើរ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាចំណង មិត្តភាពជាប្រពៃណី  សាមគ្គីភាពពិសេសនិង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរប្រកបដោយស្រស់បំព្រងជានិច្ច និងស្ថិតស្ថិរជាយូរអង្វែង៕

បកប្រែដោយ Van Hoa