នេះគឺជាកិច្ចប្រជុំដែលត្រូវបានធ្វើឡើងជារៀងរាល់ពីរឆ្នាំម្ដងដោយប្ដូរវេនរវាងបណ្ដាប្រទេសជាសមាជិក។ កិច្ចប្រជុំលើកនេះ ដោយកម្ពុជា​និងចិនអញ្ជើញជាសហអធិបតី។ កិច្ចប្រជុំប្រព្រឹត្ដឡើងក្នុងបរិបទនៃអនុតំបន់ទន្លេមេគង្គកំពុងប្រឈមនឹងឱកាសជាច្រើនដើម្បី បន្ដឈានទៅមុខខ្លាំងក្លា ប៉ុន្ដែក៏ត្រូវដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងសន្ដិសុខ និងអភិវឌ្ឍន៍មិនតិចឡើយ ជាពិសេសគឺការកខ្វក់បរិស្ថាន ប្រភពធនធានទឹក ការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្ដិការមេគង្គ- ឡានឆាងលើកទី ២ ក្រោមប្រធានបទ “ទន្លេសន្ដិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព” នឹងពិនិត្យមើលឡើងវិញនូវស្ថានភាពសហប្រតិបត្តិការបន្ទាប់​ពីកិច្ចប្រជុំកំពូលលើកទី១ មក និងពិភាក្សានូវទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្ដិការមេគង្គ ឡានឆាងលើកទី ១ (រូបថត៖ vov.vn)

កិច្ចសហប្រតិបត្ដិការមេគង្គ - ឡានឆាងត្រូវបានចាប់ផ្ដើមដោយប្រទេសទាំង ៦ រួមមានចិន វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ ក្នុងនោះកិច្ចប្រជុំកំពូលលើកទី ១ ត្រូវបានធ្វើឡើងនៅប្រទេសចិនកាលពីខែមិនា ឆ្នាំ ២០១៦។ គោលដៅសំខាន់គឺជំរុញកិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយ ដើម្បីកសាងសហគមន៍ទទួលខុសត្រូវរួមគ្នា និងមានផលប្រយោជន៍រួមនៅអនុតំបន់មេគង្គ កិច្ច​សហប្រតិបត្ដិការមេគង្គ-ឡានឆាងនៅឆ្ពោះទៅរកគោលដៅផ្សេងទៀត រួមទាំងការពង្រឹងទំនុកចិត្ដ និងការយោគយល់គ្នាទៅវិញទៅមក ការរក្សាសន្ដិភាព និងស្ថិរភាព ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយនិរន្ដរភាព ការកាត់បន្ថយភាពក្រីក្រ ការបង្រួមគម្លាតអភិវឌ្ឍន៍ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅតំបន់ និងសកលលោក ក៏ដូចជាការបង្កើនមិត្ដភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងប្រជាជននៃបណ្ដាប្រទេសជាសមាជិក។ កិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាងផ្អែកលើគោលការណ៍ស្របមតិ សមភាពនិងសហការគ្នាដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក គោរពធុម្មនុញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្ដរជាតិ។

ចិន វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង ផ្អែកលើសរសរស្ដម្ភ ទាំងបីគឺនយោបាយនិងសន្ដិសុខ; សេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព; វប្បធម៌ សង្គម និងការជួបប្រាស្រ័យទាក់ទងប្រជាជន។ កិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាងផ្ដោតលើវិស័យអាទិភាព ចំនួន ៥ គឺគ្រប់គ្រងប្រភពទឹកទន្លេមេគង្គ-ឡានឆាង; បង្កើនការតភ្ជាប់រវាងប្រទេសទាំង៦; សហប្រតិបត្ដិការលើកកម្ពស់សមត្ថភាពផលិត; សហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ចរវាងបណ្ដាប្រទេស; សហប្រតិបត្ដិការលើវិស័យកសិកម្ម និងកាត់បន្ថយភាពក្រីក្រ។

រហូតមកដល់ពេលនេះកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាងបានអនុវត្តនូវសកម្មភាពមួយចំនួនដោយរួមមានការបង្កើតក្រុមការងារ ជំនាញទទួលបន្ទុកអំពីធនធានទឹក ការកាត់បន្ថយភាពក្រីក្រ ការតភ្ជាប់កិច្ចសហប្រតិបត្តិការលើសមត្ថភាពផលិតកម្ម;  អនុវត្តគម្រោងមួយចំនួនក្នុងចំណោមគម្រោង "ជាអាទិភាព" ដែលត្រូវបានអនុម័តនៅកិច្ចប្រជុំលើកទី ១ ដូចជាកម្មវិធីជួបប្រាស្រ័យទាក់​ទងរវាងកម្មាភិបាល កម្មវិធីវះកាត់ភ្នែកមនុស្សធម៌ វេទិកាសហប្រតិបត្តិការរបស់ស្ដ្រី វេទិកាសហប្រតិបត្ដិការរវាងបណ្ដាទីក្រុងទេសចរណ៍មេគង្គ - ឡានឆាង;  បង្កើតលេខាធិការដ្ឋាន និងអង្គភាពសម្របសម្រួលជាតិស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គនៅប្រទេសនីមួយៗ។

ចាប់តាំងពីដំណើរការបង្កើតកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាងមក វៀតណាមបានចូលរួមយ៉ាងសកម្ម និងរួមចំណែកយ៉ាងច្រើននូវខ្លឹមសារសហប្រតិបត្ដិការ។ វៀតណាមបានចាត់ក្រុមការងារទៅចូលរួមរាល់កិច្ចប្រជុំ ពិនិត្យការអនុវត្ដកម្មវិធី គម្រោងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង និងបណ្ដាវិស័យសហប្រតិបត្ដិការ។ ទន្ទឹមនឹងនោះ វៀតណាមបានលើកឡើងនូវគម្រោងចំនួន ៣ និងបានបណ្ដាប្រទេសឯកភាពគ្នាដាក់បញ្ចូលក្នុងបញ្ជីគម្រោង “ជាអាទិភាព” ដើម្បីអនុវត្ដនៅដំណាក់កាលដំបូងនៃកិច្ច​សហប្រតិបត្ដិការមេគង្គ-ឡានឆាង។ គម្រោងទាំង ៣ នេះ ក៏បាននាំមកនូវផលប្រយោជន៍ជាក់ស្ដែង ស្របតាមអាទិភាពនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង ជាពិសេសគឺគម្រោងលើកកម្ពស់ការគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតនៅអនុតំបន់មេគង្គ-ឡាន​ឆាង; គម្រោងសម្របសម្រួលនិងបំពេញបែបបទរវាងបណ្ដាប្រទេសនៅអនុតំបន់មេគង្គ។

គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាងលើកទី ២ សំដៅធ្វើឲ្យកម្មវិធីសហប្រតិបត្ដិការក្នុងយន្ដការនេះឲ្យកាន់តែស៊ីជម្រៅ នាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ព្រមទាំងលើកកម្ពស់កិត្យានុភាពវៀតណាមបន្ដមានការផ្លាស់ថ្មី ចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវលើខ្លឹមសារសហប្រតិបត្ដិការក្នុងតំបន់ និងអនុតំបន់ តាមរយៈនោះការពារផលប្រយោជន៍របស់វៀតណាម។ យើងជឿជាក់ថា កិច្ចប្រជុំលើកនេះនឹងទទួលបានជោគជ័យ រួមចំណែកធ្វើឲ្យកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្ដរភាពនៅអនុតំបន់មេគង្គ ពង្រឹងនិងពង្រីកភាពជាអ្នកជិតខាងល្អរវាងប្រទេសជាសមាជិកទាំង ៦ ព្រមទាំងជួយបណ្ដាប្រទេសអនុវត្ដរបៀបវារះ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្ដរភាព និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រអាស៊ាន - ចិន៕

បកប្រែដោយ Pham Diep