leftcenterrightdel
 យុទ្ធនាការឆ្នាំ១៩៦៨ (រូបថត៖ vnanet.vn)


រយៈពេល ៥០ គត់ផុតទៅហើយ ស្របនឹងឱកាសនៃបុណ្យចូលឆ្នាំថ្មី ១៩៦៨ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញដ៏មហិមា កងទ័ពនិងប្រជាជនវៀតណាមបានងើបឡើងព្រមៗគ្នាលើទូទាំងសមរភូមិនៅភាគខាងត្បូងប្រទេសវៀតណាម។ 
នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តដែលនាំមកនូវរបត់មួយដោយមានលក្ខណៈសម្រេចក្នុងការតស៊ូប្រឆាំងនិងពួកចក្រពត្តិអាមេរិក ដើម្បីជួយសង្គ្រោះជាតិ រួមចំណែកក្នុងប្រវត្តិសាស្ត្រតស៊ូបដិវត្តន៍ដ៏ត្រចះត្រចង់របស់ប្រទេសវៀតណាម។

យុទ្ធនាការវាយសម្រុក និងងើបឡើងនានិទាឃរដូវឆ្នាំ ១៩៦៨ ត្រូវបានប្រព្រឹត្តទៅក្នុងបរិបទដែលពួកចក្រពត្តិអាមេរិកនៅតែរឹងរូសបង្កសង្គ្រាមលើទូទាំងភាគខាងត្បូងវៀតណាម។ ទន្ទឹមនឹងនោះអនុវត្តការពង្រីកសង្គ្រាមបំផ្លាញនៅខាងជើងវៀតណាមដែលជាសមរភូមិក្រោយដ៏រឹងមាំក្នុងសង្គ្រាមនេះ។ ចក្រពត្តិអាមេរិកបានប្រមូលផ្តុំទាំងអាវុធយុទ្ធភ័ណ្ឌទំនើបៗបំផុត ទាំងកងកម្លាំងជើងទឹក ជើងគោក ជើងអាកាសដោយមានក្តីប៉ុនប៉ងយុទ្ធសាស្រ្ត គឺចង់កំចាត់កម្លាំងប្រយុទ្ធនៅភាគខាងត្បូង និងពង្រីកសង្គ្រាមបំផ្លាញទៅខាងជើងវៀតណាម ព្រមទាំងទប់ទល់រុញច្រាលនឹងរបបសង្គមនិយមនៅតំបន់អាស៊ីអាគ្នេយ៍ដែរ។

ធ្វើឲ្យយល់ជ្រួតជ្រាប និងអនុវត្តនូវរាល់សេចក្តីសម្រេចចិត្តរបស់បក្ស ជាពិសេសគឺសេចក្តីសម្រេចចិត្តលេខ ១៥៤-NQ/TW ចុះថ្ងៃទី ២៧ មករា ឆ្នាំ១៩៦៧ របស់ការិយាល័យនយោបាយ (អាណត្តិទី ៣) ស្តីពីការបង្កើការតស៊ូខាងនយោបាយនៅភាគខាងត្បូងវៀតណាម៖ “ខិតខំប្រឹងប្រែងវាយឲ្យបរាជ័យការវាយបកវិញលើកទី ២ របស់អាមេរិក” កងទ័ពនិងប្រជាជនវៀតណាមបាន ពង្រីកនូវឧត្តមភាព ភាពម្ចាស់ការ វាយសម្រុកលើខ្មាំង ដោយមានភាពក្លាហាន ស្វិតស្វាញ ហើយទទួលបានជ័យជំនះលើសមរភូមិនៅគ្រប់ទិសទី រួមចំណែកធ្វើឲ្យបរាជ័យការពង្រីកសង្គ្រាមរបស់អាមេរិកទៅខាងជើងវៀតណាម។

ដោយសារតែបានសន្និដ្ឋានថា ឱកាសអំណោយផល ដើម្បីវៀតណាមផ្លាស់ប្តូរពីការប្រយុទ្ធប្រឆាំងទៅជាការឈានចូលក្នុងដំណាក់កាលអភិវឌ្ឍថ្មីនោះដោយបានឈរលើមូលដ្ឋានដែលមានការត្រៀមលក្ខណៈគ្រប់បែបយ៉ាងតាំងពីមុនមក គួបផ្សំនឹងភាពចៃដន្យស្របនឹងបុណ្យចូលឆ្នាំថ្មី មជ្ឈិមបានតាំងចិត្តបើកយុទ្ធនាការវាយសម្រុក និងងើបឡើងនាដើមនិទាឃរដូវឆ្នាំ ១៩៦៨ ក្នុងគោលបំណងវាយឲ្យអាមេរិកបរាជ័យយ៉ាងធ្ងន់ធ្ងរ ខាងកម្លាំងកងទ័ពអាមេរិកបង្ខំឲ្យអាមេរិកត្រូវតែរាថយ ព្រមទាំងយល់ព្រមដោះស្រាយសង្គ្រាមនេះតាមទិសដែលមានលក្ខណៈងាយស្រួលចំពោះវៀតណាម។ ហើយដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយសម្រុកនេះ វៀតណាមបានគៀគរទាំងកម្មាភិបាល យុទ្ធជនរាប់សែននាក់ រួមទាំងការប្រមូលផ្តុំចំនួនអាវុធយុទ្ធភ័ណ្ឌយ៉ាងសន្ធឹកសន្ធាប់ដោយខ្មាំងមិនបានដឹងមុនទាល់តែសោះ។ ឬទ្ធានុភាពរបស់កងទ័ព និងប្រជាជនកំពុងកើនឡើងខ្ពស់ ជំនះពុះពាររាល់ការលំបាក ឧបសគ្គ ហ៊ានលះបង់គ្រប់យ៉ាងដើម្បីរំដោះភាគខាងត្បូងវៀតណាមទាំងស្រុង ឆ្ពោះទៅការបង្រួបបង្រួមជាតិ។

រាត្រីឆ្លងឆ្នាំ១៩៦៨ កងទ័ព និងប្រជាជនវៀតណាមបានវាយសម្រុកព្រមៗគ្នានៅលើទូទាំងភាគខាងត្បូងវៀតណាម វាយចូលបណ្តាកន្លែងជាទីបញ្ជាការសំខាន់ៗ របស់ខ្មាំងនៅ Sai Gon និង Hue និងនៅតាមរាល់ក្រុង ទីរួមខេត្ត ព្រមទាំងវាយខ្មាំងនៅលើទូទាំងតំបន់ជនបទ ដែលខ្មាំងកំពុងកាន់កាប់។ កងទ័ពវៀតណាមបានកំចាត់ និងបំផ្លាញកម្លាំងរបស់ខ្មាំងទាំងទាហាន និងទាំងអាវុធយុទ្ធភ័ណ្ឌមួយភាគធំរបស់ខ្មាំងដែលនៅគ្រានោះចំនួនកងទ័ពខ្មាំងកើនឡើងលើស ១ លាន ២ សែននាក់ដោយត្រូវបានបំពាក់អាវុធសុទ្ធតែទំនើបៗ។

យុទ្ធនាការវាយសម្រុក និងងើបឡើងនេះបានបើកទំព័រថ្មីមួយក្នុងការវិវឌ្ឍនៃយុទ្ធវិធីសង្គ្រាមប្រជាជននៅវៀតណាម ដោយបានគួបផ្សំយ៉ាងប្រសិទ្ធភាពរវាងមុខព្រួញបី គឺកម្លាំងប្រដាប់អាវុធ នយោបាយ ចលនាកងទ័ព និងរវាងការវាយសម្រុក-ងើបឡើង  និងការងើបឡើង និងការវាយសម្រុកដណ្តើមយករដ្ឋអំណាច ដោយមានបំណងសំខាន់បំផុតគឺបើកសមរភូមិវាយសម្រុក និងហ៊ុំព័ទ្ធខ្មាំងនៅតាមបណ្តាក្រុងដែលភាគច្រើន គឺនៅតាមបណ្តាទីក្រុងធំៗឈានទៅវាយបំបែកកម្លាំងទ័ពរបស់ខ្មាំងនៅមូលដ្ឋាននានា នេះសុទ្ធតែជាទិសដៅ ដោយមានលក្ខណៈយុទ្ធសាស្រ្តដែលត្រូវបានប្រកាន់ខ្ជាប់រហូតក្នុងយុទ្ធនាការវាយសម្រុក និងងើបឡើងនានិទាឃរដូវឆ្នាំ ១៩៦៨ ក៏ដូចជាមហាជ័យជំនះនានិទាឃរដូវឆ្នាំ១៩៧៥ ជាព្រឹត្តិការណ៍ដែលវៀតណាមបានសម្រេចការបង្រួបបង្រួមជាតិ។

យុទ្ធនាការនៃការវាយសម្រុក និងងើបឡើងនានិទាឃរដូវឆ្នាំ ១៩៦៨ បានក្លាយទៅជានិមិត្តិរូបរបស់ស្មារតីតាំងចិត្តប្រយុទ្ធ តាំងចិត្តឈ្នះ អង់អាចក្លាហាននៃកម្លាំងសង្គ្រាមប្រជាជនវៀតណាមសម័យលោកប្រធានហូជីមិញ។

ក្រោយពីជ័យជំនះ ការប្រឆាំងនឹងពួកចក្រពត្តិអាមេរិក សង្គ្រោះជាតិបានផ្លាស់ប្តូរទៅដំណាក់កាលនៃបដិវត្តន៍ថ្មីដោយរួមទាំងកាលានុវត្តនភាព និងភាពងាយស្រួលថ្មី ដើម្បីអនុវត្តតាមមរតកសាសន៍ដ៏ពិសិដ្ឋរបស់លោកប្រធានហូជីមិញ ជាទីគោរពគឺ៖ “វាយឲ្យពួកអាមេរិកត្រូវចេញផុតពីវៀតណាម វាយឲ្យពួកកងទ័ពទីងមោងដួលរំលំ”  រំដោះភាគខាងត្បូងទាំងស្រុងឈានទៅការបង្រួបបង្រួមជាតិ។

ជ័យជំនះដ៏ធំធេងនេះ ដំបូងបង្អស់គឺបណ្តាលពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពច្នៃប្រឌិតរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ ដ៏មហិមាដោយឈរលើមូលដ្ឋាននៃការប្រកាន់ខ្ជាប់នូវសតិអារម្មណ៍បដិវត្តន៍ក្នុងការវាយសម្រុក អនុវត្តយ៉ាង ភ្ជាប់ភ្ជួនតាមក្រិត្យក្រមសង្គ្រាមប្រជាជនដណ្តើមបានជ័យជំនះជាជំហានៗ វាយរុញថយខ្មាំងជាជំហានៗ ប្តេជ្ញាចិត្ត និងមានយុទ្ធសាស្រ្តយ៉ាងត្រឹមត្រូវមានចិត្ត ស្លុយ ប្រើប្រាស់កម្លាំងប្រកបដោយប្រសិទ្ធភាពជាដើម ។ ជ័យជំនះនេះក៏ជាលទ្ធផលពីការពង្រីកភាពច្នៃប្រឌិត ស្មារតីប្តេជ្ញាចិត្តប្រយុទ្ធ ប្តេជ្ញាចិត្តឈ្នះ ហ៊ានលះបង់គ្រប់យ៉ាងដើម្បីសុខសន្តិភាព សេរីភាព ឯករាជជាតិរបស់ប្រទេសវៀតណាម។ នោះក៏ជាលទ្ធផលដែលបណ្តាលមកពីការដកបទពិសោធន៍ពីប្រពៃណីប្រឆាំងតស៊ូដ៏អង់អាចក្លាហានរបស់ប្រទេសជាតិផងដែរ។

ជ័យជំនះនៃយុទ្ធនាការវាយសម្រុក និងងើបឡើងនានិទាឃរដូវឆ្នាំ១៩៦៨ បានបង្ហាញឲ្យឃើញពីកម្លាំងដ៏ខ្លាំងក្លារបស់ប្រជាជនវៀតណាមក្នុងយុគសម័យលោកប្រធាន ហូជីមិញ ហើយបានបន្សល់ទុកនូវបទពិសោធន៍ជាច្រើនដ៏មានតំលៃអំពីទ្រឹស្តី និងភាពជាក់ស្តែងយ៉ាងជ្រាលជ្រៅ។ នោះគឺជាការប្រាថ្នា ដោយឥតស្រាកស្រាន្តពោលគឺ៖ “គ្មានអ្វីទាំងអស់ដែលប្រណិតជាងឯករាជជាតិ សេរីភាពឡើយ” នោះក៏ជាការជឿទុកចិត្ត យ៉ាងដាច់ខាតចំពោះការដឹកនាំរបស់បក្ស ហើយនេះក៏ជាស្មារតីឯករាជជាតិ ម្ចាស់ការ ភាពច្នៃប្រឌិតក្នុងការរៀបចំមាគ៌ា និងការបញ្ជាយុទ្ធសាស្រ្តក្នុងការតស៊ូដោយបដិវត្តន៍។ ហើយនេះក៏ជាកម្លាំងនៃធ្លុងមហាសាមគ្គីភាពជាតិ ស្មារតីប្តេជ្ញាចិត្តតស៊ូ ហ៊ានវាយ និងវាយឈ្នះលើអាមេរិករបស់កងទ័ព និងប្រជាជនវៀតណាម ហើយប្រការទាំងអស់នេះគឺជាការគួបផ្សំរវាងកម្លាំងជាតិ កម្លាំងនៃសម័យទំនើបៗ និងកម្លាំងពីស្មារតីសាមគ្គីអន្តរជាតិដ៏ស្មោះស។

រំលឹកខួបលើកទី ៥០ នៃជ័យជំនះពីយុទ្ធនាការ វាយសម្រុក និងងើបឡើងនានិទាឃរដូវឆ្នាំ១៩៦៨ ស្របពេលបុព្វហេតុផ្លាស់ថ្មីប្រទេសជាតិដែលបំផុសឡើង និងដឹកនាំដោយបក្សឲ្យសម្រេចបាននូវសមិទ្ធិផលដ៏ធំធេង និងពោរពេញទៅដោយអត្ថន័យជាប្រវត្តិសាស្រ្ត ប៉ុន្តែក៏កំពុងប្រឈមមុខនឹងកាលានុវត្តនភាពសម្រាប់ការអភិវឌ្ឍថ្មី ប៉ុន្តែក៏មានការលំបាកមិនតិចឡើយ។ វៀតណាមត្រូវតែយល់ដឹងយ៉ាងជ្រាលជ្រៅអំពីតួនាទីក្នុងការដឹកនាំរបស់បក្ស ក្នុងការតស៊ូរំដោះប្រទេសជាតិ  និងកសាងការពារមាតុភូមិ។

ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស។ ប្រទេសជាតិកាន់តែអភិវឌ្ឍយ៉ាងខ្លាំងក្លា។ បញ្ហាថ្មីៗជាច្រើន និងតម្រូវការថ្មីកាន់តែខ្ពស់ជាង ស្មុគស្មាញជាងបាន និងកំពុងកើតមានឡើងបញ្ហាប្រឈមជាច្រើន ចំពោះបុព្វហេតុផ្លាស់ថ្មី ឧស្សាហូបនីយកម្ម ទំនើបកម្ម និងការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយដែលតម្រូវឲ្យបក្សកុម្មុយនិស្តវៀតណាមទាំងមូល ប្រជាជនទាំងមូល ត្រូវតែពង្រីកស្មារតីប្តេជ្ញាប្រយុទ្ធ ប្តេជ្ញាឈ្នះ ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាជាងនេះទៅទៀត និងឆ្លៀតឱកាស ដើម្បីជំនះពុះពារឧបសគ្គទាំងឡាយ ព្រមទាំងប្រែឧបសគ្គទាំងនោះក្លាយទៅជាកាលានុវត្តនភាព ដើម្បីអភិវឌ្ឍប្រទេសជាតិលើគ្រប់ជ្រុងជ្រោយ។

ស្មារតីប្តេជ្ញាចិត្តប្រយុទ្ធ ប្តេជ្ញាចិត្តឈ្នះពីយុទ្ធនាការវាយសម្រុក និងងើបឡើងនានិទាឃរដូវឆ្នាំ ១៩៦៨ នោះ បាននិងកំពុងបន្តគាំទ្រយ៉ាងខ្លាំងក្លាដល់បក្សកុម្មុយនិស្តវៀតណាមទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលឲ្យឆ្លងកាត់ការលំបាកឧបសគ្គ ឆ្លៀតឱកាសថ្មី ដើម្បីខិតខំប្រឹងប្រែងធ្វើឲ្យប្រទេសវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសដៅទំនើបកម្ម។ វៀតណាមត្រូវតែពង្រីកស្មារតីស្នេហារជាតិ មានគំនិតខ្លួនជាទីពឹងខ្លួន និងមានភាពច្នៃប្រឌិតក្នុងការងារ ព្រមទាំងវៀតណាមបានតាំងចិត្តនឹងសម្រេចបានគោលដៅកសាងប្រទសជាតិឲ្យក្លាយទៅជាប្រទេសខ្លាំងក្លា ប្រជាជនមានជីវភាពសម្បូរធូធារ ឆ្ពោះទៅសង្គមនិយម៕

បកប្រែដោយ Minh Trung