leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong

អ្នកយកព័ត៌មាន៖ សូមគោរពលោកអគ្គលេខាបក្ស សូមលោកឲ្យដឹងថា តើលោកមានការសង្ឃឹមយ៉ាងណាចំពោះដំណើរទស្សនកិច្ចជាផ្លូវការមិត្តភាពនៅសហព័ន្ធរុស្ស៊ីនាពេលខាងមុខនេះ ហើយកម្មវត្ថុអ្វីៗដែលលោកនឹងលើកមកពិភាក្សាជាមួយលោក V.Putin និងថ្នាក់ដឹកនាំរុស្ស៊ី?

លោកអគ្គលេខាបក្ស Nguyen Phu Trong ៖ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីសហព័ន្ធរុស្ស៊ី V.Putin  និងគណៈ​ប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយខ្ញុំនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីនាពេលខាងមុខនេះ។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងមានការរីកចំរើនយ៉ាងល្អប្រពៃ ជាពិសេសបានប្រព្រឹត្តទៅមុនព្រឹត្តិការណ៍ធំៗដូចជា ពិធីរំលឹកខួបលើកទី ២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីរាល់គោលការណ៍ជាមូលដ្ឋានក្នុងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងរុស្ស៊ីក្នុងឆ្នាំ២០១៩ នេះតែម្តង រួមទាំងរំលឹកខួបលើកទី ៧០ ទិវានៃការបង្កើតទំនាក់ទំនងការទូតវៀតណាម និងរុស្ស៊ីនាឆ្នាំ២០២០។

ដំណើរទស្សនកិច្ចជាផ្លូវការលើកនេះរបស់ខ្ញុំសំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី ព្រមទាំងជួយពង្រឹងយុទ្ធសាស្រ្ត និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ខ្ញុំនិងលោក V.Putin រួមទាំងថ្នាក់ដឹកនាំនានានៃរុស្ស៊ីនឹងធ្វើការពិភាក្សាទៅលើគ្រប់វិស័យអំពីទំនាក់ទំនងនៃប្រទេសទាំងពីរ ពិភាក្សាលើរាល់ទិសដៅសំខាន់ៗ និងវិធានការជួយជំរុញទំនាក់ទំនងលើគ្រប់វិស័យ ពិភាក្សាពីរាល់បញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលភាគីទាំងពីរមានចំណាប់អារម្មណ៍ដូចគ្នា។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចលើកនេះ ពិតជានឹងនាំមកនូវកម្លាំងចលករថ្មីៗសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី ឲ្យបន្តមានការរីកចំរើន និងលើកកម្ពស់ថែមទៀតនូវ គុណភាព និងប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ និងអត្ថប្រយោជន៍នៃភាពសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍរបស់អាស៊ី -  ប៉ាស៊ីហ្វ៊ីក។

អ្នកយកព័ត៌មាន៖ តើលោកវាយតំលៃយ៉ាងណាពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី នាពេលកន្លងមក?

លោកអគ្គលេខាបក្ស៖ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម និងរុស្ស៊ី មានប្រវត្តិសាស្រ្តតាំងពីយូរលង់មកហើយ បានឆ្លងកាត់ឧបសគ្គជាច្រើន ហើយត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់ខំប្រឹងប្រែងពូនជ្រំ។ ហើយនេះត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបានឡើយនៃប្រជាជនទាំងពីរដោយត្រូវតែរក្ស និងពង្រីកជានិច្ច។

សហព័ន្ធរុស្ស៊ីជាដៃគូប្រពៃណីដ៏សំខាន់មួយចំពោះវៀតណាម។ រហូតអំឡុងរយៈពេល ៧០ ឆ្នាំនៃទំនាក់ទំនងជាប្រវត្តិសាស្រ្ត ប្រជាជននៃប្រទេសទាំងពីរបានស្មាកៀកស្មា ជួយគាំទ្រគ្នាទៅវិញទៅមក។ ខ្ញុំសង្កេតឃើញថា គ្មានអ្វីៗដែលជារនាំងដល់ការបន្តពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដោយប្រកាន់ប្រពៃណី “ផឹកទឹកនឹកដល់ប្រភព” ប្រជាជនវៀតណាមមិនដែលភ្លេចឡើយពីការជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះអស់ពីដួងចិត្តប្រកបដោយប្រសិទ្ធភាពទាំងអំពីវត្ថុនិងស្មារតីពីសំណាក់ប្រជាជនសូវៀតពីមុន ដែលក្នុងនោះមានទាំងសហព័ន្ធរុស្ស៊ីបានផ្តល់ឲ្យវៀតណាមក្នុងបុព្វហេតុតស៊ូដណ្តើមយកឯករាជ្យជាតិ និងកសាង ការពារប្រទេសជាតិសព្វថ្ងៃ។

វៀតណាមយកចិត្តទុកដាក់ជានិច្ច និងផ្តល់អាទិភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ តាំងពីពេលប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងនៃប្រទេសទាំងពីរឡើងជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ ២០១២ ហើយទំនាក់ទំនងខាងនយោបាយកាន់តែមានទំនុកទុកចិត្តខ្ពស់។ ភាគីទាំងពីររក្សានូវ យន្តការផ្លាស់ប្តូរជាច្រើនដោយសមស្រប និងប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន សន្តិសុខ ការពារជាតិត្រូវតែបង្កើន។

អ្នកយកព័ត៌មាន៖ វៀតណាម និងរុស្ស៊ីបានមានបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការក្នុងរយពេលមួយយ៉ាងយូរ ហើយក៏ទទួលបានជោគជ័យនិងវិស័យថាមពលផងដែរ។ តើលោកមានសេចក្តីសន្និដ្ឋានយ៉ាងដូចម៉្តេចអំពីភារកិច្ចថ្មីក្នុងវិស័យនេះ?

លោកអគ្គលេខាបក្ស៖ ខ្ញុំយល់ព្រមទាំងស្រុងចំពោះមតិបែបនេះ។ គំរូមួយដែលលេចធ្លោបំផុត ហើយក៏ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលគឺរោងចក្រវារីអគ្គីសនី Hoa Binh ដែលជាសំណង់មួយត្រូវបានសាងសង់ឡើងដោយមានការជួយឧបត្ថម្ភពីសំណាក់សូវៀត ហើយបាននាំមកនូវផលចំណេញខាងសេដ្ឋកិច្ចដ៏ខ្ពស់ ធានានូវសន្តិសុខថាមពលសម្រាប់វៀតណាមក្នុងដំណើរការនៃការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ សម្ព័ន្ធក្រុមហ៊ុនវៀតណាម និងរុស្ស៊ីក្នុងវិស័យប្រេងឥន្ធនៈដូចជាសម្ព័ន្ធក្រុមហ៊ុនចូលទុននឹងគ្នា Vietsovpetro, Rusvietpetro, Gazpromviet, Vietgazprom... សុទ្ធសឹងតែជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងសម័យថ្មី នាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ចយ៉ាងវិជ្ជមានសម្រាប់ទាំងវៀតណាម និងរុស្ស៊ីផងដែរ។

បក្ស រដ្ឋ វៀតណាម ស្វាគមន៍ជានិច្ច និងបង្កលក្ខណៈងាយស្រួលបំផុតដល់សហគ្រាសរបស់រុស្ស៊ីដែលចូលរួមក្នុងរាល់គំរោងធ្វើទំនើបកម្មបណ្តាវារីអគ្គិសនីដែលពីមុនសូវៀតបានជួយវៀតណាមសាងសង់ ក៏ដូចជាសំណង់ថ្មីៗអំពីថាមពល។ ប្រការនេះផ្តើមចេញពីកិច្ចសហប្រតិបត្តិការតាំងពីយូរហើយរវាងប្រទេសទាំងពីរ ព្រមទាំងរុស្ស៊ីជាដៃគូដ៏គួរឲ្យទុកចិត្តនៃវៀតណាម។

កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងឥន្ធនៈមានការរីកលូតលាស់យ៉ាងរស់រវើក ហើយដែលជាវិស័យសហប្រតិបត្តិការមានលក្ខណៈយុទ្ធសាស្រ្តយូរអង្វែងទាំងខាងនយោបាយ និងសេដ្ឋកិច្ច។ វិស័យប្រេងឥន្ធនៈក៏បានក្លាយទៅជាផ្នែកសេដ្ឋកិច្ច មុខព្រួញមួយរបស់​វៀតណាមទៀតផង។ ខ្ញុំវាយតំលៃខ្ពស់ចំពោះប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាក្រុមហ៊ុនមកពីរុស្ស៊ីដូចជា  Gazprom, Zarubezneft, Rosneft ក្នុងរយៈពេលកន្លងមក។ វៀតណាមលើកទឹកចិត្តនិងផ្តល់អំណោយផលល្អបំផុតដល់សហគ្រាសរុស្ស៊ីទាំងអស់ដែលពង្រីកការវិនិយោគទុននៅវៀតណាម។

កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះយើងមិនអាចរំលងបាននូវទិសដៅដ៏សំខាន់មួយនោះ ពោលគឺកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាពឡើយ។ ប្រទេសទាំងពីរបានឯកភាពគ្នានឹងបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរមួយនៅវៀតណាម។ នេះជាគំរោងដ៏សំខាន់ចំពោះប្រទេសទាំងពីរក្នុងគោលបំណងជំរុញការស្រាវជ្រាវ កសាង និងពង្រីកសក្តានុពលនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែររបស់ប្រទេសជាតិ។

អ្នកយកព័ត៌មាន៖ តើលោកវាយតំលៃយ៉ាងណាពីស្ថានភាពជាក់ស្តែង និងអនាគតនៃទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងបច្ចេកទេសយោធារវាងវៀតណាម និងសហព័ន្ធរុស្ស៊ី?

លោកអគ្គលេខាបក្ស៖ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខរវាងប្រទេសទាំងពីរដែលក្នុងនោះមានទាំងកិច្ចសហប្រតិបត្តិការខាងបច្ចេកទេសយោធាជាវិស័យសហប្រតិបត្តិការគោលមួយដែលមានលក្ខណៈប្រពៃណី។ ក្នុងរយៈពេលកន្លងមក វិស័យនេះត្រូវបានពូនជ្រំ បើកទូលាយដោយមិនឈប់ឈរឡើយ ប្រការនេះបានបង្ហាញឲ្យឃើញពីក្តីជឿទុកចិត្តយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ ព្រមទាំងសមស្របនឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី។ ខ្ញុំវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ជាពិសេសគឺលើរាល់វិស័យសហប្រតិបត្តិការដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស ការចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ កងទ័ពជើងទឹក ឧស្សាហកម្មយោធាជាដើម។ នាពេលខាងមុខ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ នឹងដើរតួនាទីសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការរួមនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយនៃភាគីទាំងពីរ៕

បកប្រែដោយ Minh Trung