leftcenterrightdel
 រូបថតឧទាហរណ៍៖ baonghean.vn

នៅសិក្ខាសាលាមួយដែលរៀបចំឡើងនៅរដ្ឋធានី ហាណូយ កាលពីថ្ងៃទី៥ ធ្នូ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទិវាវៀតណាមផ្តល់សច្ចាប័នលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ លោក Beat Schweizer ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ បានអះអាងថា៖ នៅវៀតណាម បណ្តារឿងរ៉ាវដ៏ឈឺចាប់ពីសម័យសង្គ្រាមហាក់បីដូចជានៅថ្មីណាស់។ ជាការពិត វៀតណាមនៅកំពុងទទួលផលវិបាកជាច្រើនក្រោយសម័យសង្គ្រាម ដូចជាវត្ថុធាតុផ្ទុះនៅសេសសល់ និងផលវិបាកដែលបង្កឡើងដោយសារធាតុគីមី dioxin ជាដើម។ នេះគឺជាមូលហេតុដែលវៀតណាមមានសំលេងយ៉ាងខ្លាំងក្លា និងគួរឲ្យទុកចិត្តលើបញ្ហានានាពាក់ព័ន្ធនឹងច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងសហគមន៍អន្តរជាតិ។

លោក Beat Schweizer ក៏បានបញ្ជាក់ថា ICRC វាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រយ៉ាងសកម្ម និងភាពជាអ្នកដឹកនាំរបស់វៀតណាមនៅលើឆាកអន្តរជាតិ ក្នុងការខំប្រឹងប្រែងពង្រឹង និងពង្រីកច្បាប់មនុស្សធម៌ឲ្យអភិវឌ្ឍថែមទៀត។

ដោយមានការយល់ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃការធានាសិទ្ធិមនុស្សតាមបណ្តាបទដ្ឋានអន្តរជាតិ និងអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបញ្ហាមនុស្សធម៌ កាលពីថ្ងៃទី៥ មិថុនា ឆ្នាំ១៩៥៧ លោកប្រធាន ហូជីមិញ បានជំនួសមុខថ្នាក់ដឹកនាំសាធារណរដ្ឋវៀតណាមប្រជាធិបតេយ្យ ផ្ញើសារលិខិតមួយច្បាប់ជូនដល់ប្រធានសហព័ន្ធស្វីស ដោយប្រកាសថា វៀតណាមនឹងចូលរួមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ស្តីពីច្បាប់មនុស្សធម៌អន្តរជាតិទាំង៤ ច្បាប់។

លោក Nguyen Minh Vu ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអះអាងថា៖ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលបញ្ជាក់ពីសារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងជំរុញការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងគោលនយោបាយរបស់វៀតណាម។

វៀតណាមជាប្រទេសមួយដែលមានអរិយធម៌ពីយូរលង់មកហើយ ដោយមានប្រពៃណីស្រឡាញ់សន្តិភាព មនុស្សធម៌  និងមានការត្រាប្រណី។ បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ចំពោះសកម្មភាពមនុស្សធម៌ ដោយបានដាក់ចេញគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រលម្អិត ដ៏ត្រឹមត្រូវ និងទាន់ពេលវេលា។ តាំងពីក្នុងសម័យសង្គ្រាមម៉្លេះ ក្នុងឋានៈជាហត្ថលេខីនៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ទាំង៤ វៀតណាមបានផ្លាស់ប្តូរព័ត៌មាន ជំនួយថ្នាំពេទ្យ និងទឹកស្អាតសម្រាប់អ្នករងរបួស និងប្រគល់ឈ្លើយសឹក។ល។

ក្នុងសម័យសន្តិភាពនាបច្ចុប្បន្ន សកម្មភាពមនុស្សធម៌នៅវៀតណាម ទទួលបានលទ្ធផលសំខាន់មួយចំនួន ជាពិសេសលើវិស័យគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បម្រែបម្រួលអាកាសធាតុ បំពុលបរិស្ថាន ជួយឧបត្ថម្ភអ្នកដែលជួបការលំបាក និងលើកកំពស់ការប្រព្រឹត្តមនុស្សធម៌ចំពោះអ្នកនេសាទនៅលើសមុទ្រ។ល។

ទន្ទឹមនឹងនោះ វៀតណាមនៅតែផ្តោតសំខាន់ទៅលើការជំរុញការផ្សព្វផ្សាយ ច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងសាលារៀន និងអ្នកពាក់ព័ន្ធនានា ព្រមទាំងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ ICRC ក្នុងសកម្មភាពទាំងនេះ។

ទស្សនៈរបស់វៀតណាមលើបញ្ហាមនុស្សធម៌ ឬសិទ្ធិមនុស្ស មានការចាប់ផ្តើមពីប្រពៃណីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ជនជាតិមួយដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាមនុស្សធម៌ និងស្រឡាញ់សន្តិភាព។ វៀតណាមជានិច្ចកាលកំណត់មនុស្សជាគោលដៅផង និងជាកម្លាំងចលករដើម្បីអភិវឌ្ឍប្រទេសជាតិផង។

ទស្សនៈ និងគោលការណ៍របស់វៀតណាម លើសិទ្ធិមនុស្សត្រូវបានបង្ហាញឡើងនូវខ្លឹមសារជាច្រើន រួមមានសិទ្ធិមនុស្សដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។ ទស្សនៈនេះត្រូវបានគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាជនវៀតណាមជាច្រើនជំនាន់ ក្នុងការប្តេជ្ញាចិត្តដណ្តើមឯករាជ្យជាតិ សេរីភាព និងបង្រួបបង្រួមជាតិ។ តាំងពីក្រោយសង្គ្រាមមក បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ចំពោះសន្តិសុខ សុវត្ថិភាពសង្គមសម្រាប់ប្រជាជន។ ការដែលបរិស្ថានសន្តិភាព និងសន្តិសុខត្រូវបានធានាក្នុងប៉ុន្មានឆ្នាំកន្លងទៅ បានបង្កលក្ខណៈងាយស្រួលសម្រាប់បក្ស និងរដ្ឋរៀបចំលំអិតនូវបណ្តាមាគ៌ាគោលនយោបាយអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងប្រទេស។ ការផ្លាស់ប្តូរថ្មីរបស់វៀតណាម បាននាំមកនូវលទ្ធផលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលជួយប្រទេសយើងមានចំណូលទឹកប្រាក់នៅកម្រិតមធ្យម ហើយត្រូវបានសហគមន៍អន្តរជាតិទុកចិត្ត និងវាយតម្លៃខ្ពស់ផងដែរ។

នាបច្ចុប្បន្ននេះ ដោយមានគោលការណ៍ជំរុញការធ្វើសមាហរណកម្មអន្តរជាតិ វៀតណាមជាសមាជិករបស់អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិជិតចំនួន២០ ហើយកាន់តែដើរទួនាទីដ៏សំខាន់នៅវេទិកាអន្តរជាតិនានា ក្នុងនោះមានវេទិកាពីការធានាសិទ្ធិមនុស្ស។ ការដែលម្ចាស់ការសមាហរណកម្ម និងចូលរួមបណ្តាអនុសញ្ញាអន្តរជាតិ ក៏ជាឱកាសមួយដើម្បីវៀតណាមចែករំលែកបទពិសោធន៍ អំពីការធានាសិទ្ធិមនុស្សជាមួយសហគមន៍អន្តរជាតិ ដើម្បីទទួលសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនឲ្យកាន់តែល្អប្រសើរឡើង៕

បកប្រែដោយ Huyen Trang