នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវជាលើកដំបូងរបស់លោក Nguyen Xuan Phuc ក្នុងឋានៈជានាយករដ្ឋមន្ដ្រី ហើយក៏ជាសកម្មភាពការទូតសំខាន់សម្រាប់អបអរសាទរឆ្នាំមិត្ដភាពវៀតណាម-កម្ពុជា ឆ្នាំ២០១៧ និងឆ្នាំសាមគ្គីមិត្ដភាពវៀតណាម-ឡាវ ២០១៧។

leftcenterrightdel
 រូបថត ៖ឧទាហរណ៍ (baotintuc.vn)

វៀតណាម និងកម្ពុជាត្រូវបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះការផ្លាស់ប្ដូរគណៈប្រតិភូរវាងភាគីទាំងពីរត្រូវបានរក្សានៅទាំងថ្នាក់ជាន់ខ្ពស់ និងនៅគ្រប់ជាន់ថ្នាក់ រួមចំណែកពង្រឹងនូវទំនុកទុកចិត្ដរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ឆ្នាំ២០១៦ ភាគីទាំងពីរបានផ្លាស់ប្ដូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ ដែលក្នុងនោះភាគីវៀតណាមមាន៖ លោកប្រធានរដ្ឋ Tran Dai Quang ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាខែ មិថុនា ឆ្នាំ២០១៦; លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានាខែ កញ្ញា ឆ្នាំ២០១៦  ហើយលោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ៩ (CLV-9) នៅខេត្ដសៀមរាប។ ភាគីកម្ពុជារួមមាន៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា អញ្ចើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ថ្ងៃបោះឆ្នោតសភាជាតិវៀតណាមជាលើកដំបូងនាខែ មករា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ស្ដីពីយុទ្ធសាស្ដ្រសហប្រតិបត្ដិការសេដ្ឋកិច្ច Ayeyawady-Chao Phraya មេគង្គលើកទី៧ (ACMECS-7); សន្និសីទជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្ដិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាមលើកទី៨ (CLMV-8) និងវេទិកាសេដ្ឋកិច្ចពិភពលោកសម្រាប់តំបន់មេគង្គ (WEF-Mekong) នាខែតុលា ឆ្នាំ ២០១៦ និងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាខែ ធ្នូ ឆ្នាំ២០១៦។

បច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគចូលមកកម្ពុជាចំនួន ១៩០ ដោយទុនសរុបចុះបញ្ជីចំនួន ២,៨៩ ពាន់លានដុល្លារអាមេរិក ដោយផ្ដោតលើលើវិស័យកសិកម្ម និងព្រៃឈើ។ កម្ពុជាវិនិយោគចូលមកវៀតណាមក៏បានកើនឡើងដែរ រហូតដល់បច្ចុប្បន្ននេះ មានគម្រោងវិនិយោគចំនួន ១៨ ដោយទុនសរុបចំនួន ៥៨,១២៥ លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មទ្វេភាគី ឆ្នាំ២០១៦ សម្រេចបាន ២,៩ ពាន់លានដុល្លារអាមេរិក ហើយត្រីមាសទី ១ ឆ្នាំ ២០១៧ សម្រេចបាន ៩៣៦ លានដុល្លារអាមេរិក (កើន ១១,៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦) ក្នុងនោះ វៀតណាមនាំចេញទៅកម្ពុជាសម្រេចបាន ៥៨២ លានដុល្លារអាមេរិក (កើន ៨,៩%) នាំចូលពីកម្ពុជាសម្រេចបាន ៣៥៤ លានដុល្លារអាមេរិក  ( កើន ១៦,២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦)។

ភ្ញៀវទេសចរវៀតណាមចូលមកកម្ពុជានៅឆ្នាំ២០១៦ មានប្រមាណ ៩៦០,០០០ នាក់ជាប់លំដាប់លេខ១។ ហើយភ្ញៀវទេសចរកម្ពុជាចូលមកវៀតណាមមានប្រមាណ ២១២,០០០នាក់ ជាប់លំដាប់លេខ ១៣។ កិច្ចសហប្រតិបត្ដិការរវាងក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដីនានាបន្ដត្រូវបានជំរុញតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងបង្កើនការផ្លាស់ប្ដូរវប្បធម៌ សហប្រតិបត្ដិការលើវិស័យអប់រំ និងការប្រាស្រ័យទាក់ទង រវាងប្រជាជននៃប្រទេសទាំងពីរ ដែលរួមចំណែកការពារថែរក្សាខ្សែព្រំដែនប្រកបដោយសន្ដិភាព ស្ថិរភាព មិត្ដភាព និងសហប្រតិបត្ដិការ។ ជាថ្មីៗនេះ សម័យប្រជុំលើកទី ១៥ នៃគណៈកម្មការចំរុះវៀតណាម-កម្ពុជា និងសន្និសីទបណ្ដាខេត្ដជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី ៩ ដែលត្រូវបានរៀបចំនៅភ្នំពេញ ពីថ្ងៃទី ១៣ ដល់ថ្ងៃ ១៥ ខែមិនា ឆ្នាំ២០១៧ ប្រកបដោយជោគជ័យ។ ប្រទេសទាំងពីរកំពុងសហការគ្នាយ៉ាងសកម្មក្នុងការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ទី ៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូត។

ជាមួយគ្នានោះ កិច្ចសហប្រតិបត្ដិការលើវិស័យសន្ដិសុខ និងការពារជាតិត្រូវបានបង្កើនជាបន្ដបន្ទាប់ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្ដូរព័ត៌មាន និងដោះស្រាយបានល្អនូវរាល់បញ្ហាកើតឡើងនៅក្នុងសមុទ្រ ព្រមទាំងបង្កើន និងរក្សាការយាមល្បាតរួមគ្នាក្នុងសមុទ្រ សហការគ្នាក្នុងការរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ វៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅទឹកដីកម្ពុជាធ្វើមាតុភូមិនិវត្ដន៍ ហើយបន្ដបញ្ជាក់ពីគោលការណ៍ មិនអនុញ្ញាតឲ្យអនុភាពជាអមិត្ដណាមួយប្រើទឹកដីរបស់ខ្លួនប្រឆាំងទៅនឹងប្រទេសមួយទៀត។ ភាគីទាំងពីរនឹងខិតខំអនុវត្ដការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឲ្យបានសម្រេចនាពេលឆាប់ៗនេះ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរទៅជាខ្សែព្រំដែនប្រកបដោយសន្ដិភាព ស្ថិរភាព សហប្រតិបត្ដិការ និងអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព។

ទន្ទឹមនឹងនេះ វៀតណាម និងឡាវបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ១៩៦២។ រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្ដភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ ភាគីទាំងពីរបានរក្សាល្អនូវយន្ដការសហប្រតិបត្ដិការទ្វេភាគី ក៏ដូចជាយន្ដការសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃគណៈកម្មាធិការអន្ដររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្ដិការទ្វេភាគី។ ភាគីទាំងពីរបានផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ហើយបន្ដបង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យការទូត និងបង្កើតយន្ដការថ្មីមួយសម្រាប់កិច្ចសន្ទនាថ្នាក់រដ្ឋមន្ដ្រីក្រសួងការបរទេស ពីខែធ្នូ ឆ្នាំ ២០១៤ និងជំនួបថ្នាក់អនុរដ្ឋមន្ដ្រីក្រសួងការបរទេសនាខែកក្កដា ឆ្នាំ២០១៥។

គិតត្រឹមខែកម្ភៈ ឆ្នាំ២០១៧ វៀតណាមមានគម្រោងវិនិយោគចូលមកឡាវចំនួន ៤០៨ ដោយក្នុងទុនសរុបចំនួន ៣,៧ ពាន់លានដុល្លារអាមេរិក។ គម្រោងវិនិយោគជាច្រើនបានទទួលបានប្រសិទ្ធភាព រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរ និងបង្កើនការងារធ្វើ និងសុខុមាលភាពសង្គម។ល។ ព្រមទាំងបានជួយប្រទេសឡាវក្នុងការអនុវត្ដគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងបានមិត្ដទទួលស្គាល់ និងវាយតំលៃខ្ពស់។ ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនាខែ មិនា ឆ្នាំ២០១៥ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែននាខែ មិថុនា ឆ្នាំ២០១៥។ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៦ សម្រេចបាន ៨២៣ លានដុល្លារអាមេរិក។ ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ក្រសួងឧស្សាហពាណិជ្ជកម្មនៃប្រទេសទាំងពីរបានសហការគ្នារៀបចំសន្និសីទស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវនៅខេត្ដ Savannakhet និងរដ្ឋធានីវៀងច័ន្ទ ពីថ្ងៃទី ៥ដល់ថ្ងៃ ៦ ខែកក្កដា ឆ្នាំ ២០១៦។

ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្ដិការលើវិស័យសន្ដិសុខ ការពារជាតិរវាងប្រទេសទាំងពីរត្រូវបានបង្កើនលើគ្រប់វិស័យ ជាពិសេសលើវិស័យហ្វឹកហ្វឺន និងបណ្ដុះបណ្ដាល។ ភាគីទាំងពីរបន្ដអនុវត្ដការព្រមព្រៀងសហប្រតិបត្ដិការលើវិស័យសន្ដិសុខ និងការពារជាតិ ហើយបានរៀបចំសន្និសីទបូកសរុបការបោះបង្គោលបំពេញបន្ថែម និងកែលំអបង្គោលព្រំដែនវៀតណាម-ឡាវនៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៦ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីនាយករដ្ឋមន្ដ្រីទាំងពីរ។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើពិធីសារស្ដីពីខ្សែព្រំដែន និងបង្គោលខ័ណ្ឌសីមាជាតិវៀតណាម-ឡាវ ព្រមទាំងបន្ដជំរុញការអនុវត្ដព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរស្ដីពីការដោះស្រាយបញ្ហាជនអន្តោប្រវេសខុសច្បាប់ និងជាប្ដីប្រពន្ធអនីតិសង្វាសនៅតាមបណ្ដោយព្រំដែនវៀតណាម-ឡាវ។ ការរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណាមត្រូវបានអនុវត្ដយ៉ាងល្អ។ នារដូវប្រាំងឆ្នាំ២០១៥ -២០១៦ ភាគីទាំងពីរបានរុករក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណាមដែលពលីលើទឹកដីឡាវធ្វើមាតុភូមិនិវត្ដន៍ចំនួន ២៣៣ នាក់។

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានជំរុញគម្រោងតភ្ជាប់ផ្លូវគមនាគមន៍ និងដឹកជញ្ជូនក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្ដិការទ្វេភាគី និងអនុតំបន់មេគង្គ ហើយបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរស្ដីពីយុទ្ធសាស្ដ្រសហប្រតិបត្ដិការលើវិស័យគមនាគមន៍ និងដឹកជញ្ជូនក្នុងដំណាក់កាល ២០១៦- ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ២០៣០ ព្រមទាំងបន្ដស្រាវជ្រាវ និងពង្រីកទម្រង់  “ច្រកទ្វាតែមួយ” នៅតាមបណ្ដាច្រកទ្វារអន្ដរជាតិផ្សេងៗរវាងប្រទេសទាំងពីរ។

សម្រាប់វិស័យអប់រំ ឆ្នាំ២០១៥-២០១៦ វៀតណាមបន្ដផ្ដល់អាហារូបករណ៍ដល់និស្សិតឡាវ ចំនួន ១,០០០នាក់ ខណៈដែលប្រទេសឡាវបានផ្ដល់អាហារូបករណ៍ដល់និស្សិតវៀតណាមចំនួន ៦០ នាក់ ។ ក្រសួងអប់រំ និងកីឡាឡាវបានរៀបចំ “ការតាំងពិព័រណ៌អប់រំដោយឧទ្ទេសនាមអំពីសកលវិទ្យាល័យវៀតណាម” នៅរដ្ឋធានីវៀងច័ន្ទនាខែឧសភាឆ្នាំ២០១៦ ជាលើកដំបូង ដើម្បីទាក់ទាញនិស្សិតឡាវមកសិក្សានៅសកលវិទ្យាល័យនានានៅវៀតណាម តាមការបង់ថ្លៃ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាលបន្ដមានការអភិវឌ្ឍ ជាពិសេសគឺរវាងបណ្ដាខេត្ដជាប់ព្រំដែន។ ភាគីទាំងពីរក៏បានសហការយ៉ាងជិតស្និទ្ធ ជួយគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកានានាក្នុងតំបន់ និងអន្ដរជាតិ ហើយបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយបណ្ដាប្រទេសជាសមាជិកដទៃទៀតក្នុងការកសាងសហគមន៍អាស៊ាន រក្សាសាមគ្គីភាព ឯកភាពរបស់អាស៊ានចំពោះបណ្ដាបញ្ហាយុទ្ធសាស្ដ្រក្នុងតំបន់។

ដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវរបស់លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រី និងលោកជំទាវលើកនេះ បានបង្ហាញពីការយកចិត្ដទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះប្រទេសទាំងពីរកម្ពុជា និងឡាវ។ យើងជឿជាក់ថា ដំណើរទស្សនកិច្ចនឹងទទួលបានជោគជ័យ រួមចំណែកយ៉ាងសំខាន់ក្នុងការបន្ដពង្រឹង និងពង្រីកទំនាក់ទំនង ភូមិផងល្អ មិត្ដភាព សហប្រតិបត្ដិការ លើគ្រប់ជ្រុងជ្រោយវៀតណាម និងកម្ពុជា និងទំនាក់ទំនងមិត្ដភាពជាប្រពៃណីសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាក់ស្ដែង៕

បកប្រែដោយ Pham Diep