ក្នុងជំនួប លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានស្វាគមន៍លោក Lu Xinshe ដែលជាលើកដំបូងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីសំណេះសំណាលក្នុងឱកាសដើមឆ្នាំថ្មី។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូបាននាំមកនូវមនោសញ្ចេតនាកក់ក្តៅ រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងល្អរវាងវៀតណាម និងចិន និងរវាងខេត្តក្វាងស៊ី ជាមួយបណ្តាខេត្តជាប់ព្រំដែនរបស់វៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបលោក Lu Xinshe (រូបថត៖ vnanet.vn)

លោក Lu Xinshe បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូក្នុងបំណងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ីជាមួយបណ្តាខេត្តជាប់ព្រំដែនរបស់វៀតណាម។ លោក Lu Xinshe បានវាយតំលៃខ្ពស់ចំពោះយន្តការផ្លាស់ប្តូររវាងខេត្តក្វាងស៊ី និងបណ្តាខេត្តជាប់ព្រំដែនរបស់វៀតណាម។ ភាគីទាំងពីរបានជម្រុញការផ្លាស់ប្តូរគណៈប្រតិភូ ការផ្សាភ្ជាប់បណ្តាញគមនាគមន៍ដឹកជញ្ជូន ពាណិជ្ជកម្ម រួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc វាយតំលៃថា នាពេលថ្មីៗនេះ ទំនាក់ទំនងលើវិស័យពាណិជ្ជកម្មរវាងវៀតណាម និងចិនមានភាពរីកច្រើនយ៉ាងល្អប្រសើរ។  លោកនាយករដ្ឋមន្ត្រីចង់ឱ្យប្រទេសទាំងពីរ បន្តអប់រំដល់សមាជិកបក្ស និងយុវជននៃប្រទេសទាំងពីរឲ្យយល់កាន់តែច្បាស់ថែមទៀតអំពីទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងចិន។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាង មិត្តភាពល្អប្រសើរ រវាងបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយខេត្តក្វាងស៊ី។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី ជាមួយបណ្ដាខេត្ត ក្រុងផ្សេងៗទៀតរបស់វៀតណាម ដូចជាទីក្រុងហូជីមិញ ខេត្ត​ Quang Nam ខេត្ត​ Nghe An និង​ទីក្រុង Hai Phong ជាដើម៕

បកប្រែដោយ Thanh Cong