ជំរុញកិច្ចសហប្រតិបត្តិការរវាងសភាទាំងឡាយ

វេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដើម្បី​បង្កើនកិច្ចសន្ទនារវាងសមាជិកសភាក្នុងតំបន់លើ​បញ្ហាសន្តិសុខ - នយោបាយ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រួមចំណែកក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ ក៏​ដូច​ជា​រួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់តំបន់ទាំងមូល។

វេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកបច្ចុប្បន្ននេះមានសភាជាសមាជិកចំនួន២៧ រួមមាន អូស្ត្រាលី កម្ពុជា កាណាដា កូស្តារីកា ឈីលី កូឡុំប៊ី ចិន អេក្វាឌ័រ ហ្វីជី ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ប្រជុំកោះMarshalls ម៉ិកស៊ិក មីក្រូណេស៊ី ម៉ុងហ្គោលី នូវែលសេឡង់ ប៉ាពួញូហ្គីណេ ប៉េរូ ហ្វីលីពីន រុស្ស៊ី សឹង្ហបុរី ថៃ អាមេរិក និងវៀតណាម។

leftcenterrightdel
 លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម (រូបថត vnanet.vn)

វេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក គឺជាវេទិការបើកចំហសម្រាប់សភា និងសមាជិកសភាទាំងអស់នៅក្នុងតំបន់ ដែលជាបណ្តាញជួយគាំទ្រសម្រាប់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC)។ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនានា ដោយមានការសំរេចចិត្តសំខាន់ៗ APPF បានបញ្ជាក់ពីតួនាទី និងសារៈសំខាន់ ជាវេទិការបើកចំហ និង​​ជម្រុញកិច្ចសហប្រតិបត្តិការរវាងសភា នៃបណ្តាប្រទេសក្នុងតំបន់ រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរួម នៃតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

ចាប់តាំងពីកិច្ចប្រជុំប្រចាំឆ្នាំជាលើកដំបូង នៃវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកក នៅឆ្នាំ១៩៩៣មក តំបន់អាស៊ី - ប៉ាស៊ីហ្វិកតែងតែជាកម្លាំងចលករជំរុញកំណើនសកលលោក។ រួមជាមួយការអភិវឌ្ឍន៍ផ្នែកការទូតរបស់រដ្ឋ ផ្នែកការទូតរបស់រដ្ឋសភាក៏បានជម្រុញយ៉ាងសកម្មផងដែរ។

គោលដៅរបស់ APPF គឺជំរុញភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ វិបុលភាព កិច្ចសហប្រតិបត្តិការបើកចំហ និងស្មើៗគ្នា សំដៅពង្រីកការធ្វើពាណិជ្ជកម្មដោយសេរី ការអភិវឌ្ឍប្រកបដោយចីរភាព និងការ​យកចិត្តទុកដាក់ចំ​ពោះ​រាល់បញ្ហាដែលទាក់ទងនឹងសន្តិសុខ និងសន្តិភាពតំបន់។

វៀតណាមជាសមាជិកសកម្មមួយ

ចាប់តាំងពីបានចូលរួមជាសមាជិករបស់ APPF នៅខែមករា ឆ្នាំ១៩៩៥មក រដ្ឋសភាវៀតណាមតែងតែចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពនៃវេទិកានេះ។ ជារៀងរាល់ឆ្នាំ រដ្ឋសភាវៀតណាមបានចាត់បញ្ជូនប្រតិភូឱ្យទៅចូលរួមកិច្ចប្រជុំ រួមមានគណៈប្រតិភូថ្នាក់អនុប្រធានរដ្ឋសភាដូចជា៖ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានអញ្ជើញចូលរួម APPF-21 នៅទីក្រុង​ Vladivostok នៃប្រទេសរុស្ស៊ី នាខែមករា ឆ្នាំ២០១៣ និងអនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញចូលរួម APPF-20 នៅប្រទេសជប៉ុន នាខែមករា ឆ្នាំ២០១២ ជាដើម។

ជាពិសេសគឺ រដ្ឋសភាវៀតណាមជាលើកដំបូងបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៣ របស់ APPF នាខែមករា ឆ្នាំ២០០៥ នៅទីក្រុង Ha Long ខេត្ត Quang Ninh។ នៅឯកិច្ចប្រជុំនេះ មានការចូលរួមពី​សភាជាសមាជិកចំនួន២២ និងសភាសង្កេតការណ៍ (ព្រុយណេ) ហើយ​បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះមិត្តភក្តិអន្តរជាតិ។ នៅឯកិច្ចប្រជុំនេះ វៀតណាមបានលើកឡើងនូវកិច្ចសហប្រតិបត្តិការសម្រាប់​ជំនះគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសចូលរួម។ នេះគឺជាសកម្មភាពទាន់ពេលវេលា ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែក របស់បណ្តាប្រទេសជាសមាជិក APPF ចំពោះបណ្តាប្រទេសដែលទទួលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។

កិច្ចប្រជុំ APPF-14 បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០០៦ នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី ដែលមានប្រតិភូចូលរួមចំនួន ២៧៨ នាក់ មកពីសភាជាសមាជិក និងសភាសង្កេតការណ៍ចំនួន២២។ សំណើជាច្រើនរបស់គណៈប្រតិភូវៀតណាមត្រូវបានដាក់​បញ្ចូលក្នុងសេចក្តីថ្លែងការរួម និងឯកសារនានា នៃកិច្ចប្រជុំដូចជា ការស្នើរឲ្យពង្រឹងការសំរបសំរួលរវាងរដ្ឋសភាជាមួយរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក ហើយ​រវាង APPF និង APEC និងការជួយគាំទ្រដោយផ្ទាល់សម្រាប់សកម្មភាព APEC រួមចំណែកការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព នៅក្នុងតំបន់ ក៏ដូចជាការស្នើរឲ្យពង្រីកទំនាក់ទំនងរវាង APPF និងអង្គការសភានានានៅលើពិភពលោក ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងទ្វីបទាំងឡាយផងដែរ។

នៅកិច្ចប្រជុំ APPF-18 នៅប្រទេសសិង្ហបុរី ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១០ គណៈប្រតិភូ នៃរដ្ឋសភាវៀតណាមបានមានការរួមវិភាគទានជាច្រើនស្តីអំពីការប្រែប្រួលអាកាសធាតុ និងជម្រុញការអនុម័តលើសេចក្តីសម្រេចចិត្តមួយស្តីពីការប្រែប្រួលអាកាសធាតុក្រោមការឧបត្ថម្ភពីប្រទេសចំនួន៦ រួមទាំងវៀតណាមផងដែរ។ វៀតណាមបានលើកឡើវនូវគំនិតផ្តួចផ្តើមអំពី "ការ​បង្កើតយន្តការសហប្រតិបត្តិការរួមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងអង្គការអន្តរសភាក្នុងតំបន់ដូចជា APPF, ក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) និងអង្គការអន្តររដ្ឋាភិបាលនានាក្នុងតំបន់ដូចជា APEC និងអាស៊ានជាដើម​ ដើម្បីទប់​ទល់​ប្រកបដោយប្រសិទ្ធភាពនឹង​​ហានិភ័យនៃការប្រែប្រួលអាកាសធាតុ" ដែលទទួលបានការស្វាគមន៍ពីបណ្តាប្រទេសជាសមាជិក និងបាន​ដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្ត។

កិច្ចប្រជុំ APPF-19 នៅប្រទេសម៉ុងហ្គោលី ពីថ្ងៃទី២៣ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ បានផ្តោតទៅលើបញ្ហាសំខាន់ៗ នៃតំបន់ និងពិភពលោក ដែលតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការសម្របសម្រួលក្នុងចំណោមបណ្តាប្រទេសនានា ក៏ដូចជារវាងសភាទាំងឡាយដើម្បីដោះស្រាយ។ នៅកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានស្នើដំណោះស្រាយពីរ ស្តីអំពីការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលត្រូវបានការចែករំលែក និងការគាំទ្រពីសភាជាសមាជិកជាច្រើន និងបានអនុម័តជាឯកសារផ្លូវការនៃកិច្ចប្រជុំ...

កិច្ចប្រជុំ APPF-26 ត្រូវបានគេរៀបចំឡើងនៅទីក្រុងហាណូយ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨  ដោយមាន "សេចក្តីប្រកាសក្រុងហាណូយ" បានកត់សម្គាល់នូវដំណើរការរយៈពេល ២៥ ឆ្នាំ របស់ APPF និងបើកចក្ខុវិស័យថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូសភាអាស៊ី - ប៉ាស៊ីហ្វិកដល់ឆ្នាំ២០៣០។ នៅ APPF-26 ចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗ នៃសមិទ្ធផលលេចធ្លោរបស់ APPF ក្នុងរយៈពេល ២៥ ឆ្នាំគឺ ជាលើកដំបូងបង្អស់ដែលកិច្ច​ប្រជុំ​សមាជិកសភាជាស្រ្តី APPF បានក្លាយជាយន្តការផ្លូវការ និងជាប្រចាំ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកានេះ។ កិច្ចប្រជុំ APPF-26 ទទួលបាន​ជោគជ័យក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូរបស់ APPF ជាមួយ APEC សម្រាប់​បំពេញនូវសេចក្តីប្រាថ្នារបស់ប្រជាជនអាស៊ី - ប៉ាស៊ីហ្វិកអំពីតំបន់មួយប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ដែលឆ្លុះបញ្ចាំងពីនិន្នាការមួយនៃផ្នែក​ការទូតរបស់​សភា ក្នុងដំណាក់កាលនៃការអភិវឌ្ឍថ្មីរបស់មនុស្សលោក។

ប្រធានបទនៃកិច្ចប្រជុំ APPF-27 នេះគឺ "ពង្រឹងទំនាក់ទំនងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព" ដោយផ្តល់អាទិភាពលើគោលដៅនៃការធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ គណៈប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ APPF-27 ដើម្បីបន្តអនុ​វត្ត​តួនាទី និងការចូលរួមយ៉ាងសកម្មរបស់​ខ្លួន ក្នុងរាល់សកម្មភាពការទូតសភាពហុភាគី និង​លើក​កំ​ពស់​តួនាទីរបស់វៀតណាមនៅក្នុងវេទិកានេះ រួមចំណែកជម្រុញកិច្ចប្រឹងប្រែងនៃ​​ផ្នែក​ការទូតរួមរបស់រដ្ឋវៀតណាម ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ហើយ​នេះក៏ជាឱកាសសម្រាប់សមាជិកសភាវៀតណាមជួបពិភាក្សាជាមួយសមាជិកសភា នៃប្រទេសនានាអំពីការចាប់អារម្មណ៍រួម នៃតំបន់ និងពិភពលោកផងដែរ៕

បកប្រែដោយ Duy Hoan