leftcenterrightdel
ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានអញ្ជើញជាសាក្សីក្នុងពិធីបើកសម្ពោធជើងហោះហើរពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលតភ្ជាប់កោះពេជ្រ Phu Quoc របស់វៀតណាមជាមួយរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង

អញ្ជើញថ្លែងសន្ទរកថានៅវេទិកានេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Moon Hee Sang បានសម្ដែងនូវគោលបំណងថា សហគ្រាសកូរ៉េខាងត្បូងនិងវៀតណាមនឹងបន្តជួបប្រាស្រ័យផ្នែកសេដ្ឋកិច្ចយ៉ាងសកម្ម ដើម្បីរួមចំណែកទៅក្នុងភាពសម្បូររុងរឿងរួមនៃប្រទេស​ទាំងពីរក៏ដូចជារបស់ទី្វបអាស៊ីទាំងមូលផងដែរ។ លោកបានអះអាងថា រដ្ឋសភាកូរ៉េខាងត្បូងនឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សកម្មភាពរបស់សហគ្រាសនៃប្រទេសទាំងពីរ។

អញ្ជើញថ្លែងមតិឆ្លើយតប ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា សហគ្រាសកូរ៉េខាងត្បូងកំពុងដើរតួនាទីសំខាន់ក្នុងវិស័យសេដ្ឋកិច្ចសំខាន់មួយចំនួនរបស់វៀតណាមដូចជា៖ ឧស្សាហកម្មអេឡិចត្រូនិក ថាមពល រថយន្ត និងសំណង់ជាដើម។ កូរ៉េខាងត្បូងកំពុងជាដៃគូ FDI ធំបំផុតរបស់វៀតណាម ដោយរួមចំណែកសំខាន់ទៅក្នុងការផ្ទេរប្ដូររចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ច បង្កើតការងារធ្វើ ក៏ដូចជាជំរុញសុខមាលភាពសង្គមនៅវៀតណាមផងដែរ។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖

“យើងខ្ញុំមានគោលបំណងថា សហគមន៍ពាណិជ្ជករនៃប្រទេសទាំងពីរនឹងពង្រីកឧត្តមភាពដើម្បីក្លាយទៅជាកត្តាគន្លឹះក្នុងសកម្មភាពសហប្រតិបតិ្តការនិងតភ្ជាប់សេដ្ឋកិច្ច ក៏ដូចជារួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងវៀតណាមនិងកូរ៉េខាងត្បូងអោយកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ជោគជ័យរបស់មិត្តគឺជាជោគជ័យរបស់យើងខ្ញុំដែរ។ យើងខ្ញុំជានិច្ចកាល បើកចំហរច្រកទ្វារ ដើម្បីទទួលស្វាគមន៍មិត្តពាណិជ្ជករកូរ៉េខាងត្បូងទាំងអស់មកសហប្រតិបតិ្តការ និងបណ្ដាក់ទុនចូល​មក​វៀត​ណាម។ យើងខ្ញុំសន្យានឹងរួមដំណើរជាមួយមិត្តទាំងអស់ជានិច្ច”។

នៅវេទិកានេះ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានអញ្ជើញជាសាក្សីក្នុងពិធីបើកសម្ពោធជើងហោះហើរពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលតភ្ជាប់កោះពេជ្រ Phu Quoc របស់វៀតណាមជាមួយរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង៕

តាម vovworld.vn