នារសៀលថ្ងៃទី៤ ធ្នូ (តាមម៉ោងកូរ៉េខាងត្បូង) នៅទីក្រុង Busan ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង លោកស្រី Nguyen Thi Kim Ngan បានទទួលជួបលោក Oh Keo-don អភិបាលក្រុង Busan។ យោងតាមលោក Oh Keo-don ឲ្យ​ដឹង​ថា ភាគច្រើនវិនិយោគិនកូរ៉េខាងត្បូងដែល​កំ​ពុង​វិនិយោគទុន​នៅវៀតណាមគឺសុទ្ធ​តែមកពីក្រុង Busan ហើយ​បច្ចុប្បន្ននេះ ជនវៀតណាមជាច្រើននាក់​កំ​ពុងរស់នៅ ធ្វើការ និងសិក្សានៅទីក្រុងនេះដែរ។ អាជ្ញាធរទីក្រុង Busan កំពុងខិតខំជួយគាំទ្រជនវៀតណាមនៅទីក្រុងនេះ។ តាមគម្រោង នៅពេលខាងមុខ ក្រុង Busan នឹងបង្កើតមជ្ឈមណ្ឌលជួយគាំទ្រគ្រួសារវៀតណាម - កូរ៉េខាងត្បូង។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan និងលោក Oh Keo-don

លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមលើកនេះសំដៅរួមចំណែកជម្រុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍ប្រ​កប​ដោយប្រសិទ្ធភាពថែមទៀត។ លោកស្រី Nguyen Thi Kim Ngan ស្នើឲ្យតំបន់នានារបស់កូរ៉េខាងត្បូងនិយាយរួម និងទីក្រុង Busan និយាយដោយឡែក បន្ត​បង្កើនការស្វែងយល់ និងចងមេត្រីភាពជាមួយតំបន់នានារបស់វៀតណាម។

ទន្ទឹមនឹងនោះ លោកស្រី Nguyen Thi Kim Ngan ចាត់ទុកថា វៀតណាម និងកូរ៉េខាងត្បូងគប្បីជម្រុញជំនួបប្រាស្រ័យរវាងប្រជាជន រួមចំណែកជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានលើកច្បាស់ថា វៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសបរទេស និងមានគោលនយោបាយការពារជនបរទេស រួមទាំងជនកូរ៉េខាងត្បូងដែលកំពុងរស់នៅនៅវៀតណាម។

នារសៀលថ្ងៃដដែល នៅទីក្រុង Busan លោកស្រី Nguyen Thi Kim Ngan បានទទួលជួបលោក Park Soo Kwan អគ្គកុងស៊ុលកិត្តិយសវៀតណាមនៅតំបន់ Busan-Gyeongnam កូរ៉េខាងត្បូង។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់លោក Park Soo Kwan ក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរនិយាយរួម និងរវាងស្ថាប័ននៃសភារបស់ប្រទេសទាំងពីរនិយាយដោយឡែក។

ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ លោកស្រីប្រធានរដ្ឋសភាស្នើឲ្យ លោក Park Soo Kwan  បន្តជម្រុញជំនួបប្រាស្រ័យរវាងប្រជាជន ជួយគាំទ្រការពារសិទ្ធិស្របច្បាប់របស់ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅតំបន់ Busan-Gyeongnam៕

បកប្រែដោយ Thanh Cong