APEC គួរតែបន្តលើកកម្ពស់តួនាទីជាកម្លាំងចលករសម្រាប់ការតភ្ជាប់ក្នុងតំបន់ និងសកលលោក

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រី Papua New Guinea លោក Peter O'Neill បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំ ក្រោមប្រធានបទ"ឆ្លៀតឱកាសគ្របដណ្តប់ និងលើកកម្ពស់វិស័យឌីជីថលនាពេលអនាគត" បានលើកពីតួនាទីរបស់ APEC ដែលបន្តជាវេទិកាសេដ្ឋកិច្ចឈានមុខគេនៅតំបន់ ហើយជម្រុញពាណិជ្ជកម្មសេរី ការវិនិយោគបើកទូលាយ  រួមចំណែកក្នុងការធ្វើឲ្យតំបន់អាស៊ី - ប៉ាស៊ីហ្វិកក្លាយជាកម្លាំងចលករមួយសម្រាប់​ជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ជាលក្ខណៈសកល។

ថ្នាក់ដឹកនាំ APEC ទាំងឡាយ បានចូលរួមកិច្ចសន្ទនាជាមួយនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) លោកស្រី Christine Lagarde។ ថ្នាក់ដឹកនាំទាំងឡាយបានចែករំលែកនូវការវាយតំលៃរបស់លោកស្រី Christine Lagarde អំពីឱកាស និងបញ្ហាប្រឈមដែលកំពុងកើតមានឡើងចំពោះសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ដូចជាលើសំណើរមួយចំនួនសម្រាប់ការជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងយុគសម័យឌីជីថល។ ថ្លែងមតិនៅកិច្ចសន្ទនានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា APEC គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយយន្ដការពហុភាគីនានា ជាពិសេសជាមួយ IMF ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច និងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលប្រកបដោយតុល្យភាព រួមជាមួយកំណើនគ្របដណ្តប់ និងប្រកបដោយភាពច្នៃប្រឌិត។

leftcenterrightdel
ថ្នាក់ដឹកនាំ APEC ទាំងឡាយចូលរួមកិច្ចសន្ទនាជាមួយនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) (រូប​ថត៖ vnanet.vn)

ការជម្រុញគំនិតច្នៃប្រឌិតថ្មី

នៅថ្ងៃដដែល ថ្នាក់ដឹកនាំ APEC បន្តកិច្ចប្រជុំស្តីពី "ការជំរុញកំណើនក្នុងយុគសម័យឌីជីថល"។ សមាជិកទាំងអស់ប្តេជ្ញាអនុវត្តផែនការសកម្មភាព APEC 2017 ស្តីពីការអភិវឌ្ឍយ៉ាងគ្របដណ្តប់លើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម រហូតដល់ឆ្នាំ ២០៣០ រួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។ អង្គប្រជុំបានឯកភាពធ្វើការរួមគ្នាដើម្បីពង្រឹងអំណាចខាងសេដ្ឋកិច្ចរបស់ស្ត្រី អភិវឌ្ឍន៍ធនធានមនុស្សក្នុងយុគសម័យឌីជីថល បង្កើតឱកាសអភិវឌ្ឍន៍សំរាប់តំបន់ជនបទ ជនពិការ យកចិត្តទុកដាក់ចំពោះការច្នៃប្រឌិត និងធានាសន្តិសុខថាមពល សន្តិសុខស្បៀងជាដើម។

ថ្លែងក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើការជំរុញកំណើនគ្របដណ្តប់ ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចពិភពលោកពុំទាន់មានភាពរឹងមាំនៅឡើយទេ។ ហេតុនេះហើយ APEC គួរតែឈានមុខគេក្នុងការជំរុញកំណើនប្រកបដោយនិរន្តភាព និងប្រកបដោយភាពច្នៃប្រឌិតនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក ក៏ដូចជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ ៕

បកប្រែដោយ Duy Hoan