ថ្នាក់ដឹកនាំអាស៊ាននិងរុស្ស៊ីបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលនាំមកនូវផលប្រយោជន៍រួម។ ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានសម្រេចចិត្តចំពោះការដំឡើងទំនាក់ទំនងអាស៊ាន - រុស្ស៊ីទៅជាទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្ត និងអនុម័តសេចក្តីថ្លែងការរួមអាស៊ាន - រុស្ស៊ី ស្ដីពីដៃគូយុទ្ធសាស្រ្ត និងសេចក្តីប្រកាសអាស៊ាន - រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មានក្នុងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង។

leftcenterrightdel
លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងដៃគូ (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នារសៀលថ្ងៃទី១៤ វិច្ឆិកា នៅប្រទេសសិង្ហបុរីបានប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី២១ និងពិធីរំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងភាពជាដៃគូអាស៊ាន - ជប៉ុន។

ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានសុន្ទរកថាអំពីទំនាក់ទំនងអាស៊ាន - ជប៉ុន។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា ទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយអាស៊ាន - ជប៉ុនត្រូវបានជម្រុញយ៉ាងខ្លាំងក្លា និងទទួលលទ្ធផលជាវិជ្ជមាន លើសសរស្តម្ភទាំងបីនៃកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងសន្តិសុខសេដ្ឋកិច្ច - ពាណិជ្ជកម្ម - ការវិនិយោគ និងប្រជាជន។

ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំងអស់ក៏ឯកភាពជាមួយការវាយតំលៃពោលខាងលើរបស់លោក Nguyen Xuan Phuc និងសំដែងនូវការស្វាគមន៍ចំពោះជប៉ុនបន្តពង្រីកតួនាទីយ៉ាងសកម្ម ទទួលខុសត្រូវក្នុងតំបន់ សហការជាមួយអាស៊ាននៅវេទិកាដែលដឹកនាំដោយអាស៊ាន រួមវិភាគទានដល់ការជម្រុញកិច្ចសន្ទនា កសាងទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការតាមមូលដ្ឋានផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក។

លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បញ្ជាក់លើការយកចិត្តទុកដាក់ដល់តួនាទីរបស់អាស៊ាន ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន គាំទ្រតួនាទីជាស្នូល និងការខិតខំប្រឹងប្រែងជម្រុញកិច្ចសហប្រតិបត្តិការ និងផែនការតភ្ជាប់របស់អាស៊ាន។ លោក Shinzo Abe បញ្ជាក់ជាថ្មីម្ដងទៀតលើសារៈសំខាន់របស់ការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើត។

នាថ្ងៃដដែល លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ជាមួយថ្នាក់ដឹកនាំអាស៊ានទាំងអស់ និងលោក  Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងលើកទី២០។ ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងឡាយបានអបអរសាទរចំពោះលទ្ធផលនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងកូរ៉េខាងត្បូង។ ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលនាំមកនូវផលប្រយោជន៍រួម។

នាព្រឹកថ្ងៃទី១៤ វិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា ថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានបើកកិច្ចប្រជុំមិនផ្លូវការអាស៊ាន-អូស្រ្តាលី។ លោក Scott Morrison សង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់ទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន - អូស្ត្រាលី ចំពោះសន្តិភាព ស្ថិរភាព វិបុលភាពក្នុងតំបន់ និងគាំទ្រតួនាទីជាស្នូលរបស់អាស៊ាន។ លោក Scott Morrison ក៏គាំទ្រគោលជំហររបស់អាស៊ានអំពីការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅលើសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ អនុវត្តយ៉ាងពេញលេញនូវ DOC និងខិតខំកសាង COC ប្រកបដោយប្រសិទ្ធភាព។ ក្នុងកិច្ចប្រជុំនេះដែរ លោក Nguyen Xuan Phuc រំពឹងថា អូស្ត្រាលីបន្តគាំទ្រតួនាទីជាស្នូលរបស់អាស៊ាន និងគោលការណ៍អាស៊ានក្នុងការជម្រុញកិច្ចសន្ទនា កសាងទំនុកទុកចិត្ត ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពនៅលើសមុទ្រខាងកើត។

នារសៀលថ្ងៃទី១៤ វិច្ឆិកា នៅសិង្ហបុរី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃបណ្តាប្រទេសដែលចូលរួមកិច្ចពិភាក្សាស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ RCEP រួមមានប្រទេសអាស៊ានទាំង១០ រួមនិងអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។ ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងឡាយបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចពិភាក្សា RCEP។ ថ្នាក់ដឹកនាំទាំងឡាយបញ្ជាក់ជាថ្មីម្ដងទៀតលើការប្តេជ្ញាចិត្តបញ្ចប់កិច្ចពិភាក្សាលើ RCEP និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនាឆ្នាំ២០១៩ សំដៅជម្រុញការអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ រួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍លើសកលលោក។

នារសៀលថ្ងៃដដែល លោក Nguyen Xuan Phuc បានជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison និងមានកិច្ចពិភាក្សាជាមួយប្រធានាធិបតីស៊ីលី Sebastien Pinera នាយករដ្ឋមន្ត្រីប្រទេសកាណាដាលោក Justin Trudeau និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in៕

បកប្រែដោយ Thanh Cong