leftcenterrightdel
លោក To Lam ថ្លែងរបាយការណ៍ (រូបថត៖ quochoi.vn)

អញ្ជើញថ្លែងរបាយការណ៍ខាងលើ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក To Lam បានអះអាងថា ដំណើរការអនុវត្តន៍នូវការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់ជនបរទេសចូលមកវៀតណាមនោះ បានឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសដោយផ្សាភ្ជាប់ជាមួយភារកិច្ចធានា សន្តិសុខការពារជាតិ ក៏ដូចជារួមចំណែកយ៉ាងសកម្មទៅក្នុងបុព្វហេតុធ្វើសមាហរណកម្មអន្តរជាតិកាន់តែទូលំទូលាយ និងពេញលេញរបស់វៀតណាមនាបច្ចុប្បន្ន។ លោក To Lam បានសង្កត់ធ្ងន់ថា៖

        “រដ្ឋាភិបាលបានកំណត់ថា ចាំបាច់ត្រូវបន្តអនុវត្តន៍ សាកពិសោធន៍នូវការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់ជនបរទេសចូលមកវៀតណាម សំដៅបូកសរុប និងវាយតម្លៃអោយបានពេញលេញថែមទៀតចំពោះផលប៉ះពាល់នៃគោលនយោបាយនេះទៅលើសភាពការណ៍សេដ្ឋកិច្ចសង្គម សន្តិសុខ ការពារជាតិ និងកិច្ចការបរទេស។ សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភានឹងអស់សុពលភាពនាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ ដោយហេតុនេះ ដើម្បីធានាអោយសកម្មភាពផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់ជនបរទេសចូលមកវៀតណាមមិនត្រូវផ្អាក គឺរដ្ឋាភិបាលសូមស្នើឲ្យរដ្ឋសភាពិចារណាពន្យាពេលអនុវត្តន៍សាកពិសោធន៍នូវការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកនោះ បន្ថែម២ឆ្នាំទៀត គិតតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៩”។

មុននោះ នាពេលពិភាក្សាអំពីការអនុម័តលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងឯកសារពាក់ព័ន្ធនានា សមាជិកសភាទាំងអស់បានគាំទ្រចំពោះការអនុម័តលើកិច្ចព្រមព្រៀងនេះតែម្ដង។ លោក Vu Tien Loc សមាជិកសភាមណ្ឌលខេត្ត Thai Binh បានចាត់ទុកថា៖

        “រួមជាមួយការអនុម័តលើ CPTPP ខ្ញុំស្នើឲ្យរដ្ឋាភិបាលកសាងកម្មវិធីធ្វើសកម្មភាព ដើម្បីធានាអោយការអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព។ កម្មវិធីនេះត្រូវឆ្លើយតបនឹងបទដ្ឋានចំនួន៣។ ទីមួយគឺត្រូវតែមានអោយបានគ្រប់គ្រាន់នូវភារកិច្ចកសាងគោលនយោបាយ និងច្បាប់ចាំបាច់ទាំងអស់ ដើម្បីអោយយើងមិនត្រឹមតែគោរពតាមការសន្យានៃកិច្ចព្រមព្រៀងនេះប៉ុណ្ណោះទេ ថែមទាំងអាចទប់ទល់ជាមួយនឹងការសាកល្បង និងក្ដាប់ជាប់ឱកាសនៃកិច្ចព្រមព្រៀងនេះទៀតផង។ ទីពីរគឺ ត្រូវរំពឹងទុកវិធានការអោយបានជាក់លាក់ ដើម្បីអោយយើងអនុវត្តន៍កិច្ចព្រមព្រៀងនេះយ៉ាងហ្មឺងម៉ាត់ផង និងឈ្លាសវៃផង សំដៅបម្រើផលប្រយោជន៍របស់សហគ្រាស ប្រទេស និងប្រជាជាតិ។ ទីបីគឺ កម្មវិធីធ្វើសកម្មភាពនោះត្រូវសង្កត់ធ្ងន់ទៅលើការរៀបចំអនុវត្តន៍ និងជួយឧបត្ថម្ភដល់មុខសញ្ញាដែលទទួលរងផលប៉ះពាល់ ជាពិសេសគឺសហគ្រាសខ្នាតមីក្រូតូច និងមធ្យម ក៏ដូចជា មុខសញ្ញានៅតំបន់កសិកម្មជនបទផងដែរ”៕

តាម vovworld.vn