នៅឯកិច្ចពិភាក្សាការងារ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយដាណឺម៉ាកដែលជាដៃគូសំខាន់របស់វៀតណាមនៅអឺរ៉ុបខាងជើង និងសហភាពអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រីLars Lokke Rasmussen បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទៅកាន់ប្រទេសដាណឺម៉ាក អញ្ជើញចូលរួម និងមានការរួមចំណែកជាក់ស្តែងចំពោះភាពជោគជ័យនៃកិច្ចប្រជុំP4G ដែលជាកំនិតផ្តួចផ្តើមរបស់ប្រទេសដាណឺម៉ាក។ លោកនាយករដ្ឋមន្ត្រី Lars Lokke Rasmussen បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងជួយបង្កើនទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយរវាងវៀតណាម និងដាណឺម៉ាក ព្រមទាំងសង្កត់ធ្ងន់ថា ដាណឺម៉ាកនឹងបន្តជាមិត្តរួមដំណើរជាមួយវៀតណាមនាពេលខាងមុខ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្ត្រី Lars Lokke Rasmussen (រូប​ថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តីទាំងពីររីករាយយ៉ាងក្រៃលែងដោយបានឃើញថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងដាណឺម៉ាកបានរីកចម្រើនយ៉ាងឆាប់រហ័សនាពេលកន្លងមកនេះ។ ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងជាបន្តបន្ទាប់ សម្រេចបានជាង ៦៦០ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៧ គឺកើនឡើង ៤ ដងបើធៀបនឹងឆ្នាំ ២០០៥ ។ ការវិនិយោគទុនពីដាណឺម៉ាកចូលមកប្រទេសវៀតណាមបានកើនឡើងជិតបីដងក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ សម្រេចបានជាង ៦៨០ លានដុល្លារអាមេរិក។ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងវិស័យបរិស្ថាន កំណើនបៃតង ថាមពលក៏មានការវិវត្តន៍ជាវិជ្ជមានផងដែរ។ ដាណឺម៉ាកបានជួយគាំទ្រវៀតណាមក្នុងការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដោយមានគម្រោងជាក់ស្តែងជាច្រើននៅតាមមូលដ្ឋាននៃប្រទេសវៀតណាម។ ដាណឺម៉ាកបានចែករំលែកបទពិសោធន៍ និងជួយគាំទ្រវៀតណាមក្នុងការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង ព្រមទាំងបានជួយសហគ្រាសធុនតូច និងមធ្យមវៀតណាមក្នុងការអនុវត្តដំណោះស្រាយប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ការវិនិយោគទុនទៅលើវិស័យថាមពលស្អាត និងការកសាងអាគារសន្សំសំចៃថាមពលជាដើម។

លោកនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងអាស៊ានជាមួយសហភាពអឺរ៉ុប និងរវាងអាស៊ានជាមួយដាណឺម៉ាក។ លោកនាយករដ្ឋមន្ត្រី Lars Lokke Rasmussen បានអះអាងថា នឹងគាំទ្រចំពោះការខិតខំប្រឹងប្រែងទាំងឡាយក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពក្នុងតំបន់ និងលើពិភពលោក រួមទាំងនៅសមុទ្រខាងកើត ព្រមទាំងបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

បន្ទាប់ពីកិច្ចពិភាក្សានេះ លោកនាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការមួយចំនួន ក្នុងនោះមានកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអភិវឌ្ឍកាបូនទាបរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងថាមពលហេដ្ឋារចនាសម្ព័ន្ធបចេ្ចកទេស និងអាកាសធាតុដាណឺម៉ាក; កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រមួយស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសុវត្ថិភាពចំណីអាហាររវាងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម និងក្រសួងចំណីអាហារ និងបរិស្ថានដាណឺម៉ាក៕

បកប្រែដោយ Duy Hoan