leftcenterrightdel
លោក Pham Quang Vinh អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមទទួលជួបលោកស្រី VE Mitrofanova នាយិការនៃស្ថាប័នសហប្រតិបត្តិការអន្តរជាតិរុស្ស៊ី (រូប​ថត៖ dangcongsan.vn)

លោក Pham Quang Vinh បានសម្តែងនូវការសប្បាយរីករាយយ៉ាងក្រៃលែងចំពោះការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី ជាពិសេសគឺ ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ីកាលពីខែ៩ ឆ្នាំ២០១៨ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងការដែលភាគីទាំងពីរបានរៀបចំឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម នៅឆ្នាំ២០១៩-២០២០ ក្នុងឱកាសរំលឹកខួបលើកទី២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍មូលដ្ឋាននានា នៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី (១៩៩៤-២០១៩) និង ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២០) ។

លោក Pham Quang Vinh បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថាប័នសហប្រតិបត្តិការអន្តរជាតិរុស្ស៊ី តាមរយៈសកម្មភាពរបស់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីនៅទីក្រុងហាណូយ ដែលបានរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌ ភាសា ការអប់រំ និងវិទ្យាសាស្រ្តរបស់រុស្ស៊ីនៅវៀតណាម ក៏ដូចជារួមចំណែកក្នុងការពង្រីកការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ តភ្ជាប់និងបង្កើតកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គការអប់រំ និងវិទ្យាសាស្ត្រនៃប្រទេសទាំងពីរ ហើយរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទំាងពីរ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

លោក Pham Quang Vinh សង្សឹមថា ស្ថាប័នសហប្រតិបត្តិការអន្តរជាតិរុស្ស៊ីនឹងចូលរួមយ៉ាងសកម្មក្នុងការរៀបចំឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាម និងបន្តជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាល វប្បធម៌ និងវិទ្យាសាស្ត្ររវាងវៀតណាម និងរុស្ស៊ី ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងខេត្ត ទីក្រុងនានា នៃប្រទេសទាំងពីរ។

ចំណែកលោកស្រី V.E. Mitrofanova បានបញ្ជាក់ថា នឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញសកម្មភាពរបស់មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៍រុស្ស៊ីនៅវៀតណាម ហើយចាត់ទុកវាជាវិធីអនុវត្តមួយជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី៕

បកប្រែដោយ Duy Hoan