នារសៀលថ្ងៃទី៧ តុលា តាមម៉ោងតូក្យូ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងលោកជំទាវ រួម​ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់ព្រលានយន្តហោះអន្តរជាតិ Haneda នៅរដ្ឋធានីតូក្យូ។  

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងលោកជំទាវទៅដល់ព្រលានយន្តហោះអន្តរជាតិ Haneda នៅរដ្ឋធានីតូក្យូ (រូបថត៖ vnanet.vn)

ទទួលស្វាគមន៍លោក Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះមានលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Norikazu Suzuki; លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម Umeda; លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន Nguyen Quoc Cuong និងលោកជំទាវ រួម​ជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងសហគមន៍អាណិកជនវៀតណាមប្រចាំនៅជប៉ុនផង​ដែរ។

នាថ្ងៃទី៨ តុលា លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Nguyen Xuan Phuc។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរពិភាក្សាការងារ និងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា។ លោក Nguyen Xuan Phuc បានទទួលជួបប្រធានសម្ព័ន្ធភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro និងទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅតូក្យូ។

លោក Nguyen Xuan Phuc នឹង​ចូលរួមកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី១០ ហើយ​រួម​ជាមួយថ្នាក់ដឹកនាំនៃប្រទេសនានាចូលក្រាបបង្គំគាល់ព្រះចៅអធិរាជជប៉ុន និង​អញ្ជើញចូលរួមវេទិកាវិនិយោគមេគង្គ - ជប៉ុន និងជួបសំណេះសំណាលថ្នាក់ដឹកនាំសភាជប៉ុន។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Nguyen Xuan Phuc មានជំនួបធ្វើការជាច្រើនជាមួយសមាគមសហគ្រាស និងវិនិយោគិនចម្បងរបស់ជប៉ុនទៀតផង៕

បកប្រែដោយ Thanh Cong