leftcenterrightdel
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសម័យប្រជុំ (រូបថត៖ TTXVN)

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាមត្រូវបានកំណត់តាំងពីរយូរណាស់មកហើយ និងក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់បានអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានដើម្បីជួយឲ្យប្រជាជនសមនឹងបរិយកាសអេឡិច ត្រូនិក និងបរិយាកាសអ៊ីនធឺណែត។ ប៉ុន្តែតាមពិតទៅ ចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូនិករបស់វៀតណាមនៅតែរៀបនៅថ្នាក់ទី៦៨ក្នុងចំណោមប្រទេសប្រមាណ៩៣លើពិភពលោក ហើយថ្នាក់ទី៦ក្នុងចំណោមប្រទេសអាស៊ានទាំង១០។ នេះជាចំណាត់ថ្នាក់ទាប ហើយប្រការនោះសរឲ្យឃើញថា វៀតណាមត្រូវជំរុញ និងប្ដេជ្ញាថែមទៀតក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹងថែមទៀថា ក្រៅពីសមាជិករដ្ឋាភិបាលមួយចំនួនរូបនោះ គឺគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិកនៅតែមានការចូលរួមរបស់តំណាងនៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានធំៗចំនួន៤អង្គភាព ដែលបង្ហាញនូវកិច្ចសហប្រតិបតិ្តការសាធារណៈ- ឯកជន ក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ ការបង្កើតគណៈកម្មាធិការ ដោយមានការចូលរួមរបស់នាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនោះ បានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តដ៏ខ្ពស់ដើម្បីអនុវត្តន៍រដ្ឋាភិបាល​​អេឡិចត្រូនិក។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដើម្បីកសាងរដ្ឋាភិបាលអេឡិចត្រូនិកប្រកបដោយជោគជ័យ សំដៅបម្រើប្រជាជន និងបុព្វហេតុកសាង និងការពារមាតុប្រទេសឲ្យបានល្អបំផុតនោះ គឺថ្នាក់ដឹកនាំ នៃអង្គភាព និងមូលដ្ឋាននានា ចាំបាច់ត្រូវបញ្ជាណែនាំការងារឲ្យបានសមស្រប ហើយត្រូវមានវិន័យដ៏រឹងមាំក្នុងការរៀបចំអនុវត្តផងដែរ។

“យើងត្រូវបន្តអភិវឌ្ឍន៍កម្មវិធីបច្ចេកវិទ្យាព័ត៌មាន កម្មវិធីកសាងរដ្ឋាភិបាលអេឡិចត្រូនិកឲ្យបានខ្លាំងក្លាថែមទៀត តាមការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ របស់រដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ ត្រូវតភ្ជាប់ការកែសម្រួលបែបបទរដ្ឋបាលជាមួយនឹងការផ្លាស់ប្ដូរថ្មីវិធីសាស្ត្រធ្វើការ ត្រូវកំណត់យ៉ាងច្បាស់ថា ការអនុវត្តបច្ចេកវិទ្យាព័ត៌មានគឺជាឧបករណ៍ដ៏មានប្រយោជន៍ ដើម្បីជួយឧបត្ថម្ភ ជំរុញការកែសម្រួលដល់បែបបទរដ្ឋបាល ក្នុងនោះយកប្រជាជន និងសហគ្រាសជាគោល។ ការពេញចិត្តរបស់អង្គការ និងបុគ្គលគឺជារង្វាស់នៃការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក”។

លោកនាយករដ្ឋមន្រ្តីបានសំណូមពរថា ក្នុងខែតុលាឆ្នាំ២០១៨ ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមសហការជាមួយខុទ្ទកាល័យរដ្ឋាភិបាល កសាងយ៉ាងឆាប់ៗនូវក្របខ័ណ្ឌរដ្ឋាភិបាលអេឡិចត្រូនិកវៀតណាមកំណែ២.០ ឲ្យសមស្របទៅនឹង​និន្នាការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកលើពិភពលោក និងស្ថានភាពជាក់ស្ដែងនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដើម្បីដាក់ជូននាយករដ្ឋមន្រ្តីរដ្ឋាភិបាលពិនិត្យមើល៕

តាម​ vovworld.vn