នៅក្នុងជំនួប នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងដែលវៀត​ណាម​សម្រេចបានលើវិស័យសេដ្ឋកិច្ច សង្គមក្នុងប៉ុន្មានឆ្នាំកន្លងមក រួមទាំងតួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក។ លោកមានគោលបំណងចង់បង្កើតទំនាក់ទំនងរវាងគណបក្សកាន់អំណាចរបស់ស្រីលង្កា និងបក្សកុម្មុយនិស្តវៀតណាម ព្រមទាំងអះអាងថា ស្រីលង្កានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមនៅបណ្តាវេទិកាក្នុងតំបន់ និងអន្តរជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe។ (រូបថត៖ vnanet.vn)

រីឯលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានមានគោលបំណងថា ស្រីលង្កានឹងពង្រីកតួនាទីយ៉ាងសកម្មរបស់ខ្លួនក្នុងការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ អាកាសចរណ៍នៅលើសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។

នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono ដែលមកជួបសំដែងការគួរសមក្នុងឱកាសមកចូលរួមវេទិកា WEF ASEAN 2018 នៅវៀតណាម។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមេគង្គ-ជប៉ុន។ លោកបានវាយតម្លៃខ្ពស់ចំពោះការដែលជប៉ុនផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ODA ជូនវៀតណាមក្នុងរយៈពេលកន្លងមក លោកបានស្នើឲ្យជប៉ុនបន្តផ្តល់ជំនួយ ODA ជូនវៀតណាម លើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលប្រភពធនធានមនុស្ស ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើកំណែទម្រង់រដ្ឋបាល អនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយនៅក្នុងការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ (RCEP)។

រីឯលោករដ្ឋមន្ត្រី Taro Kono បានអះអាងថា ជប៉ុននឹងជួយឧបត្ថម្ភវៀតណាមក្នុងការបង្កើនកម្លាំងពលកម្ម ចែករំលែកបទពិសោធន៍ក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិច ព្រមទាំងគាំទ្រនូវទស្សនៈរបស់វៀតណាម និងបណ្តាប្រទេសអាស៊ាននៅលើសមុទ្រខាងកើត ខណៈពេលវៀតណាមទទួលតួនាទីជាសមាជិកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន ចាប់ពីឆ្នាំ២០១៨៕

បកប្រែដោយ Huyen Trang