leftcenterrightdel
លោក Pham Binh Minh និងលោក Abdelkader Messahel (រូបថត៖ vnanet.vn)

នាថ្ងៃ១៣ កក្កដា នៅកិច្ចពិភាក្សាជាមួយលោក Pham Binh Minh លោករដ្ឋមន្រ្តីក្រសួងការបរទេសអាល់ហ្សេរីបានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ លោកមានបំណងជម្រុញទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ ការបរទេស ពាណិជ្ជកម្ម វិនិយោគ ប្រេង និងឧស្ម័ន ពលកម្ម។ លោក Abdelkader Messahel ក៏បញ្ជាក់ថា លទ្ធផលសកម្មភាពរបស់សហព័ន្ធអាជីវកម្មប្រេង និងឧស្ម័នរបស់សម្ព័ន្ធក្រុមហ៊ុនប្រេង និងឧស្ម័នជាតិវៀតណាម (PVN) នៅប្រទេសអាល់ហ្សេរី គឺនិម្មិតរូបនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីអាល់ហ្សេរីបានស្នើបង្កើនកិច្ចសហប្រតិបត្តិការរវាងតំបន់មូលដ្ឋាន ទីក្រុងនៃប្រទេសទាំងពីររៀបចំការជួបប្រាស្រ័យរវាងគណៈប្រតិភូទាំងពីរ និងការចូលរួមពិព័រណ៌ផ្សារណាត់នៅប្រទេសនិមួយៗ ផ្លាស់ប្តូរកម្មវិធីបណ្ដុះបណ្ដាល និងអាហារូបករណ៍។

លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងអាល់ហ្សេរី។ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ ដែលប្រជាជនអាល់ហ្សេរីផ្ដល់ដល់វៀតណាមកាលសម័យតស៊ូដើម្បីឯករាជ្យជាតិ និងក្នុងសម័យកសាង អភិវឌ្ឍន៍ប្រទេសជាតិនៅបច្ចុប្បន្ននេះ។ លោក Pham Binh Minh បានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ននៃប្រទេសទាំងពីរអនុវត្តយ៉ាងសកម្មលទ្ធផលនៃកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាមនិងអាល់ហ្សេរី នាខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Pham Binh Minh បានស្នើឲ្យអាល់ហ្សេរីបន្តយកចិត្តទុកដាក់ជួយសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិវៀតណាមនៅអាល់ហ្សេរី និងបង្កលក្ខណៈងាយស្រួលឲ្យ PVN បើកទូលាយការរុករកប្រេងនៅអាល់ហ្សេរី។ លោក Pham Binh Minh ក៏ស្នើឲ្យអាល់ហ្សេរីបង្កលក្ខណៈងាយស្រួលដល់ពលករចំណាកស្រុកវៀតណាមនៅអាល់ហ្សេរី និងឆាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យពលកម្ម រវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong