leftcenterrightdel
លោកប្រធានរដ្ឋវៀតណាម Tran Dai Quang បានទទួលជួបលោកស្រី Nirmala Sitharaman រដ្ឋមន្ដ្រីក្រសួងការពារជាតិឥណ្ឌា (រូបថត៖ vnanet.vn)

 

លោកប្រធានរដ្ឋ Tran Dai Quang បានសំដែងនូវក្តីសប្បាយរីករាយចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌាបានពង្រឹង និងពង្រីកលើគ្រប់វិស័យពីមួយថ្ងៃទៅពីមួយថ្ងៃ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រគោលនយោបាយ “បង្វិលទៅទិសខាងកើត” របស់រដ្ឋាភិបាលឥណ្ឌា ព្រមទាំងបញ្ជាក់ថា រដ្ឋ កងទ័ព និងប្រជាជនវៀតណាមបានវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រយ៉ាងធំធេងទាំងស្មារតីនិងសំភារៈរបស់រដ្ឋ កងទ័ព និងប្រជាជនឥណ្ឌាក្នុងរយៈពេលកន្លងមក។

ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ Tran Dai Quang បានស្នើឲ្យថ្នាក់ដឹកនាំនៃក្រសួងការពារជាតិទាំងពីរឲ្យដឹកនាំស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិដែលបានព្រមព្រៀងដូចជាការផ្លាស់ប្ដូរគណៈប្រតិភូ បង្កើនកិច្ចសហប្រតិបត្ដិការបណ្ដុះបណ្ដាលកម្មាភិបាល   ឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាព័ត៌មាន ស្រាវជ្រាវយុទ្ធសាស្ដ្រ និងសកម្មភាពរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្ដិភាព អភិវឌ្ឍនៅក្នុងប្រទេសនិមួយៗ និងតំបន់ ហើយនិងបន្ដរក្សាយន្ដការពិគ្រោះយោបល់នៅវេទិកាតំបន់ និងអន្ដរជាតិ។

ជម្រាបជូនលោកប្រធានរដ្ឋ Tran Dai Quang អំពីលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងក្រសួងការពារជាតិទាំងពីរ លោកស្រី Nirmala Sitharaman បានឲ្យដឹងថា ភាគីទាំងពីរបានចែករំលែកការយល់ដឹងគ្នាព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សា និងការពង្រីកកិច្ចសហប្រតិបត្ដិការលើវិស័យបណ្ដុះបណ្ដាលកម្មាភិបាល បច្ចេកវិទ្យាព័ត៌មាន និងឧស្សាហកម្មយោធា។ លោកស្រី Nirmala Sitharaman បានអះអាងថា ឥណ្ឌាតែងតែងយកចិត្ដទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់បង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក្នុងនោះទំនាក់ទំនងរវាងវៀតណាម និងឥណ្ឌានៅមានសក្ដានុពលយ៉ាងច្រើន ជាពិសេសការពង្រីកកិច្ចសហប្រតិបត្ដិការលើវិស័យសន្ដិសុខ-ការពារជាតិ៕

បកប្រែដោយ Thanh Cong