leftcenterrightdel
លោក Tran Dai Quang ប្រធានរដ្ឋវៀតណាមទទួលជួប លោកប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (រូបថត៖vnanet.vn)

លោកប្រធានរដ្ឋ Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មការចំរុះ ក្រោមសហអធិបតីភាពរបស់លោកប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។ លោកប្រធានរដ្ឋឲ្យដឹងថា កំណត់ហេតុនៃកិច្ចប្រជុំនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសំខាន់មួយសម្រាប់ភាគីទាំងពីរក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងនាពេលខាងមុខនេះ។

លោកប្រាក់ សុខុន បានសម្តែងការសប្បាយរីករាយចំពោះការអភិវឌ្ឍដោយមិនឈប់ឈរនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លោក ប្រាក់ សុខុន បានអបអរសាទរចំពោះសមិទ្ធផលធំៗដែលរដ្ឋ និងប្រជាជនវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកក៏ជឿជាក់ថា វៀតណាមនឹងសម្រេចបានគោលដៅនៃឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនៅក្នុងឆ្នាំ២០៣០។

លោកប្រាក់ សុខុន បានជម្រាបជូនលោកប្រធានរដ្ឋ Tran Dai Quang អំពីលទ្ធផលនៃកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មការចម្រុះវៀតណាម - កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។ លោក ប្រាក់ សុខុនបានសង្កត់ធ្ងន់ថា កំណត់ហេតុនៃកិច្ចប្រជុំដែលបានចុះហត្ថលេខា នឹងក្លាយជាគោលការណ៍ណែនាំសម្រាប់ក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ រួមចំណែកក្នុងការជម្រុញទំនាក់ទំនងកម្ពុជា - វៀតណាមឲ្យ​រីក​ចម្រើន​ថែមទៀត។ 

លោកប្រធានរដ្ឋ Tran Dai Quang បានស្វាគមន៍ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរក្នុងការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលរួមមានទាំងការបោះបង្គោលបំពេញបន្ថែម ការបំពេញលិខិតឯកសានៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន និងការព្រមព្រៀងគ្នាលើសេចក្តីព្រាងនៃឯកសារច្បាប់ដោយកត់សម្គាល់នូវសមិទ្ធិផលនានាដែលសម្រេចបាននោះ។ លោកប្រធានរដ្ឋ Tran Dai Quang បានស្នើឲ្យភាគីទាំងពីរ ត្រូវខិតខំប្រឹងប្រែងថែមទៀត ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់ការអនុវត្តចំពោះខ្សែបន្ទាត់ព្រំដែននៅសល់ ព្រមទាំងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការថែរក្សា និងគ្រប់គ្រងព្រំដែន ប្រកបដោយសន្តិភាព និងស្ថិរភាព។ ចំពោះបញ្ហាអាណិកជនវៀតណាមនៅកម្ពុជា លោកប្រធានរដ្ឋ Tran Dai Quang ស្នើឲ្យភាគីកម្ពុជាបន្តជួយគាំទ្រដល់ប្រជាជនកម្ពុជាមានដើមកំណើតវៀតណាម  ឲ្យមានការរស់នៅប្រកដដោយស្ថិរភាព រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan