នេះគឺជាដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោក Nguyen Xuan Phuc មកប្រទេសនូវែលសេឡង់ក្នុងនាមជានាយករដ្ឋមន្រ្តី។ ដំណើរទស្សនកិច្ចលើកនេះ សំដៅជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការជាមួយអន្ដរជាតិឲ្យកាន់តែស៊ីជម្រៅ។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងលោកស្រី Jacinda Ardern នាយករដ្ឋមន្ដ្រីនូវែលសេឡង់ ក្នុងឱកាសលោកស្រីមកចូលរួមសន្និសីទជាន់ខ្ពស់ APEC នៅទីក្រុង Da Nang (រូបថត៖ vnanet.vn)

អំពីកិច្ចសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទុន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកើនឡើងជារៀងរាល់ឆ្នាំ។ ឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៩០០ លានដុល្លារអាមេរិក។ ប្រទេសនូវែលសេឡង់ជាដៃគូពាណិជ្ជកម្មជាប់លំដាប់ទី ៣១ នៃវៀតណាម និងវៀតណាមជាដៃគូជាប់លំដាប់ទី ១៧ នៃនូវែលសេឡង់។

ប្រទេសនូវែលសេឡង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្ដល់ទុន ODA ឲ្យវៀតណាមប្រកបដោយទៀងទាត់ និងកើនឡើងជារៀងរាល់ឆ្នាំដែលផ្ដោតទៅលើវិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស អភិវឌ្ឍន៍វិស័យកសិកម្មផងដែរ។ នូវែលសេឡង់សន្យាថា ក្នុងដំណាក់កាលពីខែ កក្កដា ដល់ខែមិថុនា ឆ្នាំ ២០១៨ នឹងផ្ដល់ទឹកប្រាក់ចំនួន ២៦,៦៦ លានដុល្លារនូវែលសេឡង់  (ស្មើនឹង ១៨,៦ ដុល្លារអាមេរិក) ដល់វៀតណាម។

អំពីកិច្ចសហប្រតិបត្ដិការលើវិស័យសន្ដិសុខ ការពារជាតិ ភាគីទាំងពីរបន្ដរក្សាការផ្លាស់ប្ដូរគណៈប្រតិភូ បង្កើនកិច្ចសហប្រតិបត្ដិការក្នុងការចែករំលែកព័ត៌មានក្នុងក្របខ័ណ្ឌនៃអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិ ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៣ កន្លងមក; ការព្រមព្រៀងរវាងប៉ូលីសនូវែលសេឡង់ និងក្រសួងនគរបាលវៀតណាមស្ដីពីកិច្ចសហប្រតិបត្ដិការលើការទប់ស្កាត់បទល្មើសឆ្លងដែន (២០១០) និងការរៀបចំកិច្ចប្រជុំក្រុមការងារចំរុះទ្វេភាគី ២ ឆ្នាំ​ម្ដង សំដៅវាយតំលៃលើលទ្ធផលនៃការអនុវត្ដ។ នូវែលសេឡង់ក៏បានជួយឧបត្ថម្ភវៀតណាមរៀបចំវគ្គបណ្ដុះបណ្ដាលហ្វឹកហ្វឺន ទប់ស្កាត់ជនល្មើសលាងលុយកខ្វក់ បទល្មើសប្រើបច្ចេកវិទ្យាទំនើបៗ និងសង្គ្រោះពេទ្យយុទ្ធវិធី។ ភាគីទាំងពីរបន្ដអនុវត្ដការជួយបណ្ដុះបណ្ដាល ជាពិសេសគឺបណ្ដុះបណ្ដាលភាសាអង់គ្លេស ជំនាញផ្នែករក្សាសន្ដិភាពក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ និងផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងនាវាកងទ័ពជើងទឹក និងយន្ដការសន្ទនាទ្វេភាគីលើវិស័យការពារជាតិ។

អំពីកិច្ចសហប្រតិបត្ដិការលើវិស័យអប់រំ និងបណ្ដុះបណ្ដាល បច្ចុប្បន្ននេះមាននិស្សិតវៀតណាមជិត ៣,០០០ នាក់កំពុងសិក្សានៅ ប្រទេសនូវែលសេឡង់ និងជារៀងរាល់ឆ្នាំមានកម្មាភិបាលចំនួន ២០ នាក់មកពីក្រសួង ស្ថាប័ននានារបស់វៀតណាមដែលទទួលអាហរូបករណ៍ ពី រដ្ឋាភិបាលនូវែលសេឡង់។ នូវែលសេឡង់បន្ដផ្ដល់អាហារូបករណ៍ដល់និស្សិតវៀតណាម ដែលកំពុងសិក្សានៅសកលវិទ្យាល័យនានារបស់នូវែលសេឡង់ ក្រៅពីនេះនូវែលសេឡង់នៅបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់កម្មាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងជួយវៀតណាមរៀបចំវគ្គបណ្ដុះបណ្ដាលភាសាបរទេសទៀតផង។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរក៏បានសហការគ្នាយ៉ាងជិតស្និទ្ធ និងចុះហត្ថលេខាលើការព្រមព្រៀងជាច្រើនក្នុងវិស័យពលកម្ម គមនាគម ដឹកជញ្ជូន និងកសិកម្ម។

អំពីវេទិកាក្នុងតំបន់ និងអន្ដរជាតិ វៀតណាម និងនូវែលសេឡង់សុទ្ធតែជាសមាជិករបស់អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO); APEC; វេទិការសហប្រតិបត្ដិការអាស៊ី -អឺរ៉ុប(ASEM)  និងយន្ដការសហប្រតិបត្ដិការមួយចំនួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN)។ ប្រទេសទាំងពីរគាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងកិច្ចចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូគ្រប់ជ្រុងជ្រោយ និងជឿនលឿនអន្ដរប៉ាស៊ីហ្វិក ព្រមទាំងជំរុញការពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ឲ្យបានបញ្ចប់នាពេលឆាប់ៗ។ នូវែលសេឡង់គាំទ្រវៀតណាមក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ; គណៈកម្មការសេដ្ឋកិច្ចសង្គមកិច្ចនៃអង្គការសហប្រជាជាតិ; ក្រុមប្រឹក្សាប្រតិបត្តិអង្គការយូណេស្កូ និងរៀបចំឆ្នាំ APEC ២០១៧ ប្រកបដោយជោគជ័យ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់របស់លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បញ្ជាក់ថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយនូវែលសេឡង់ដោយឥតឈប់ឈរ។ ហើយអាចជឿជាក់ថា ភាពជោគជ័យនៃដំណើរទស្សនកិច្ចលើកនេះ នឹងបង្កបង្កើតកម្លាំងចលករក្នុងការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងនូវែលសេឡង់ទៀតផង៕

បកប្រែដោយ Pham Diep